ភ្នំពេញៈ កម្ពុជាបានដាក់ពាក្យបណ្ដឹងទៅអង្គការហាមឃាត់អាវុធគីមី (OPCW) ក្រោយមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) រកឃើញភស្តុតាងដែលខ្លួនអះអាងថាបង្ហាញពីការប្រើប្រាស់សារធាតុគីមីរបស់យោធាថៃក្នុងអំឡុងជម្លោះព្រំដែនកម្ពុជា-ថៃឆ្នាំ២០២៥ ដែលបណ្ដាលឱ្យកងកម្លាំង និងប្រជាពលរដ្ឋកម្ពុជាជិត៤០០នាក់រងផលប៉ះពាល់។ លោក ហេង រតនា អគ្គនាយក CMAC បានថ្លែងថា សារធាតុគីមីត្រូវបានប្រើជាយុទ្ធវិធីក្នុងការប្រយុទ្ធ តាមរយៈការបាញ់គ្រាប់កាំភ្លើងធំ និងការទម្លាក់ពីយន្តហោះនិងដ្រូន ខណៈភស្តុតាងមួយចំនួនត្រូវបានរកឃើញនៅតាមទីតាំងស៊ីវិល រួមមានផ្សារ ភូមិ និងស្រែចម្ការរបស់ប្រជាពលរដ្ឋ។ លោកបានថ្លែងក្នុងបទបង្ហាញ និងបទសម្ភាសន៍ស្ដីពីផលប៉ះពាល់នៃសំណល់យុទ្ធភណ្ឌពីសង្គ្រាមឆ្នាំ២០២៥ថា៖ «ផ្សែងពុលនេះបានប្រើច្រើននៅក្នុងសង្គ្រាម។ មែនទែនទៅ វាជាយុទ្ធវិធីមួយដែលទាហានសៀមបានប្រើប្រាស់ក្នុងការបំបែកកម្លាំងរបស់យើង»។ លោកអះអាងថា ការប្រើប្រាស់សារធាតុគីមីបានបណ្ដាលឱ្យកងទ័ព និងកងនគរបាលជាតិកម្ពុជាមួយចំនួនរងគ្រោះ និងមានអ្នកពលី ខណៈប្រជាពលរដ្ឋជាច្រើនក៏រងផលប៉ះពាល់ពីផ្សែងពុល។ លោកថា៖ «មានវីរកងទ័ព និងវីរនគរបាលជាតិរបស់យើងបានពលីដោយសារសារធាតុពុល ហើយប្រជាពលរដ្ឋយើងជិត៤០០នាក់ក៏បានរងគ្រោះដោយសារសារធាតុពុល»។ ដាក់ពាក្យបណ្ដឹងទៅទីក្រុងឡាអេ លោក ហេង រតនា បានបញ្ជាក់ថា កម្ពុជាបានដាក់ពាក្យបណ្ដឹងពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុគីមីទៅ OPCW ដែលមានទីស្នាក់ការនៅទីក្រុងឡាអេ ប្រទេសហូឡង់។ លោកថា៖ «យើងក៏បានដាក់ពាក្យបណ្ដឹងនេះទៅ OPCW នៅទីក្រុងឡាអេ ប្រទេសហូឡង់ ព្រោះលេខាធិការដ្ឋាននៃអនុសញ្ញាហាមឃាត់អាវុធគីមីស្ថិតនៅទីនោះ»។ OPCW ជាស្ថាប័នអនុវត្តអនុសញ្ញាអាវុធគីមី ដែលមានភារកិច្ចត្រួតពិនិត្យការអនុវត្តកាតព្វកិច្ចរបស់រដ្ឋសមាជិក និងជំរុញការលុបបំបាត់អាវុធគីមីតាមយន្តការដែលអាចផ្ទៀងផ្ទាត់បាន។
លោកបានឱ្យដឹងថា កម្ពុជា និងថៃសុទ្ធតែជារដ្ឋភាគីនៃអនុសញ្ញាអាវុធគីមី ដែលហាមឃាត់ការអភិវឌ្ឍ ការផលិត ការស្តុកទុក និងការប្រើប្រាស់អាវុធគីមី។ ការដាក់ពាក្យបណ្ដឹងនេះមានគោលបំណងស្នើឱ្យស្ថាប័នអន្តរជាតិពាក់ព័ន្ធពិនិត្យ និងផ្ទៀងផ្ទាត់ភស្តុតាងតាមនីតិវិធីបច្ចេកទេស មុនធ្វើសេចក្ដីសន្និដ្ឋានជាផ្លូវការ។
លោក ហេង រតនា បានពន្យល់ថា របាយការណ៍ដែលកម្ពុជាបញ្ជូនទៅមិនអាចក្លាយជាសេចក្ដីសន្និដ្ឋានរបស់ OPCW ដោយស្វ័យប្រវត្តិទេ ព្រោះស្ថាប័ននេះត្រូវអនុវត្តនីតិវិធីផ្ទាល់របស់ខ្លួន។ លោកថា៖ «យើងរាយការណ៍ទៅ ក៏គេមិនអាចយកតាមរបាយការណ៍របស់យើងតែមួយបានដែរ។ គេត្រូវតែបញ្ជូនអ្នកបច្ចេកទេសរបស់គេមកសិក្សា ហើយយកទៅមន្ទីរពិសោធន៍ណាមួយដែលគេកំណត់។ ការងារនេះត្រូវការភាពម៉ត់ចត់»។ លោកមិនបានបញ្ជាក់ពីកាលបរិច្ឆេទនៃការដាក់ពាក្យបណ្ដឹង លេខយោងឯកសារ ឬថាតើ OPCW បានឆ្លើយតប និងសម្រេចបញ្ជូនក្រុមអ្នកជំនាញមកកម្ពុជាឬនៅឡើយទេ។ ជនរងផលប៉ះពាល់៣៩៥នាក់ តាមលោក ហេង រតនា របាយការណ៍របស់ក្រសួងសុខាភិបាលបានកត់ត្រាមនុស្សចំនួន៣៩៥នាក់ដែលរងផលប៉ះពាល់ពីសារធាតុពុលក្នុងអំឡុងការប្រយុទ្ធ។
លោកបានឱ្យដឹងថា អ្នករងផលប៉ះពាល់មានទាំងកងកម្លាំង និងប្រជាពលរដ្ឋ ដោយអ្នកខ្លះមានអាការៈស្រាល អ្នកខ្លះមានសភាពធ្ងន់ និងមានករណីដែលលោកអះអាងថាបានបណ្ដាលឱ្យស្លាប់។
លោកថា៖ «អ្នកខ្លះក៏ស្រាល អ្នកខ្លះក៏ធ្ងន់ អ្នកខ្លះក៏ស្លាប់ដោយសារផ្សែងពុល គឺសារធាតុគីមី»។ លោកមិនបានបញ្ជាក់ពីចំនួនអ្នកស្លាប់ ឬបង្ហាញព័ត៌មានវេជ្ជសាស្ត្ររបស់ជនរងគ្រោះនីមួយៗក្នុងបទបង្ហាញនោះទេ។ លោកបានពន្យល់ថា ផលប៉ះពាល់របស់សារធាតុគីមីអាចខុសគ្នា អាស្រ័យលើប្រភេទសារធាតុ បរិមាណ រយៈពេលនៃការប៉ះពាល់ និងស្ថានភាពបរិស្ថាននៅទីតាំងកើតហេតុ។ សារធាតុខ្លះអាចសាយភាយតាមខ្យល់ ខ្លះអាចហូរចូលប្រភពទឹក និងខ្លះទៀតអាចជ្រាបចូលក្នុងដី ដែលបង្កក្ដីបារម្ភអំពីផលប៉ះពាល់រយៈពេលវែងលើសុខភាពមនុស្ស កសិកម្ម និងបរិស្ថាន។ រកឃើញភស្តុតាងនៅតំបន់ស៊ីវិល លោក ហេង រតនា បានអះអាងថា CMAC បានរកឃើញភស្តុតាងនៃការប្រើប្រាស់សារធាតុគីមីនៅទីតាំងជាច្រើនដែលជាតំបន់រស់នៅ និងប្រកបមុខរបររបស់ប្រជាពលរដ្ឋ មិនមែនតែនៅទីតាំងយោធានោះទេ។ លោកបានលើកឡើងពីការបាញ់គ្រាប់ដែលមានផូស្វ័រសនៅតំបន់ផ្សារព្រះវិហារ ព្រមទាំងការរកឃើញភស្តុតាងនៅតាមស្រែចម្ការ និងភូមិ។ លោកថា៖ «បើបាញ់លើទីតាំងយោធា វាជាបញ្ហាមួយ ប៉ុន្តែអាហ្នឹងបាញ់ដាក់នៅផ្សារព្រះវិហារ។ យើងរកឃើញច្រើនកន្លែងតាមស្រែចម្ការ និងតាមភូមិរបស់ប្រជាពលរដ្ឋ»។
លោកបន្តថា៖ «មានការបាញ់សារធាតុគីមីតាមរយៈយន្តហោះ តាមរយៈដ្រូន និងការបាញ់កាំភ្លើងធំទំហំ១៥៥ ឬ១២០មីល្លីម៉ែត្រ»។ លោកបានសង្កត់ធ្ងន់ថា ការប្រើប្រាស់សារធាតុគីមីលើទីតាំងស៊ីវិលត្រូវតែត្រូវបានស្រាវជ្រាវ និងវាយតម្លៃយ៉ាងម៉ត់ចត់ ដោយសារវាអាចបង្កផលប៉ះពាល់ទាំងភ្លាមៗ និងរយៈពេលវែងដល់ប្រជាពលរដ្ឋ។ ប្រមូលភស្តុតាងសម្រាប់នីតិវិធីអន្តរជាតិ CMAC បានចុះប្រមូល និងរក្សាទុកភស្តុតាងពីតំបន់រងផលប៉ះពាល់ ដោយរួមមានការថតរូប កំណត់ទីតាំង ប្រមូលសំណាក អំបែងគ្រាប់ និងយុទ្ធភណ្ឌ ព្រមទាំងផ្ទៀងផ្ទាត់ព័ត៌មានជាមួយប្រជាពលរដ្ឋនៅកន្លែងកើតហេតុ។
លោក ហេង រតនា បានថ្លែងថា ការស្រាវជ្រាវត្រូវធ្វើឱ្យបានឆាប់ ព្រោះវត្ថុតាង សាក្សី និងព័ត៌មានសំខាន់ៗអាចបាត់បង់ ឬផ្លាស់ប្ដូរទៅតាមពេលវេលា។
ក្រុមការងារ CMAC បានចំណាយពេលប្រមាណ៦ទៅ៧ខែធ្វើការស្រាវជ្រាវ និងផ្ទៀងផ្ទាត់ភស្តុតាងនៅទីតាំងជាក់ស្ដែង ដោយអនុវត្តតាមស្តង់ដារសកម្មភាពមីនជាតិ និងអន្តរជាតិ។
លោកបានបញ្ជាក់ថា ការបញ្ជូនករណីទៅ OPCW ជាផ្នែកមួយនៃដំណើរការស្វែងរកការផ្ទៀងផ្ទាត់ និងការទទួលខុសត្រូវតាមច្បាប់អន្តរជាតិ។
ទោះជាយ៉ាងណា ការសន្និដ្ឋានជាផ្លូវការអំពីការរំលោភអនុសញ្ញាអាវុធគីមីនឹងអាស្រ័យលើការពិនិត្យភស្តុតាង លទ្ធផលវិភាគ និងនីតិវិធីរបស់ស្ថាប័នអន្តរជាតិពាក់ព័ន្ធ៕