កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ដឹកនាំដោយលោកវរសេនីយ៍ត្រី តាំង សុខហេងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកបានទទួលជនសង្ស័យចំនួន០២នាក់ ពីលោកអនុសេនីយ៍ទោ កែវ សុខចាន់ មេបញ្ជាការកងអនុសេនាធំទី១ វរសេនាតូច៥១១ អង្គភាពកងពលតូចថ្មើរជើងលេខ៥១ ប្រចាំការទិសសមរភូមិតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ពាក់ព័ន្ធករណីរត់ពន្ធទំនិញដោយខុសច្បាប់ (ថ្នាំស៊ីរ៉ូក្អក) ដែលប្រព្រឹត្តកាលពីវេលាម៉ោង ១៦និង៣០នាទី ថ្ងៃទី០៨ ខែកញ្ញា នៅចំណុចមាត់អូរព្រំដែន ស្ថិតក្នុងភូមិថ្មី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ជនសង្ស័យទាំង២នាក់ ៖ ១-ឈ្មោះ ណយ វី ភេទប្រុស អាយុ៣៦ឆ្នាំ, ២-ឈ្មោះ ផលលីន ភេទប្រុស អាយុ២៦ឆ្នាំ ព្រមទាំងវត្ថុតាងថ្នាំស៊ីរ៉ូក្អក ម៉ាក DATISSIN ចំណុះ ៦0មីលីលីត្រ ចំនួន០៦កេស សរុបចំនួន១,១៥០ដប។ ក្រោយទទួលបានជនសង្ស័យរួមនឹងវត្ថុតាងខាងលើ លោក វរសេនីយ៍ត្រី តាំង សុខហេង បានចាត់កម្លាំងជំនាញមូលដ្ឋានធ្វើការសួរនាំតាមនីតិវិធី ហើយជនសង្ស័យបានសារភាពថា ក្រុមខ្លួន និងបក្ខពួកផ្សេងទៀតពិតជាបានធ្វើសកម្មភាពដឹកជញ្ជូនថ្នាំស៊ីរ៉ូក្អក ម៉ាកDATISSIN យកចេញពីប្រទេសថៃ ឆ្លងចូលមកប្រទេសកម្ពុជា តាមអូរព្រំដែនដោយខុសច្បាប់ពិតប្រាកដមែន ដោយតាមការណែនាំរបស់មេក្លោងឈ្មោះ សំរើន (ស៊ុនរ៉ើន) ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ (រត់គេចខ្លួន) ចំនួន០២លើក ដោយទទួលបានកម្រៃឈ្នួលចំនួន២០,០០០(ពីរម៉ឺន)រៀលក្នុង០១លើក។
លោកវរសេនីយ៍ត្រី តាំង សុខហេង បានបញ្ជាក់ទៀតថាជនសង្ស័យទាំង២នាក់ ក៏ត្រូវបានសមត្ថកិច្ចជំនាញធ្វើតេស្តទឹកនោមរកឃើញមានសារធាតុញៀនវិជ្ជមាន(+) ហើយក៏បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យនិងវត្ថុតាងមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។ ចំណែកមេក្លោងដែលរត់គេចខ្លួនសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត។
លោកវរសេនីយ៍ទោព្រហ្មថេងប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថាការបង្ក្រាបករណីខាងលើនេះក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រីបោនប៊ិនមេបញ្ជាការកងរាជអាវុធហត្ថខេត្តនិងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េតព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២៦នេះដើម្បីអនុវត្តតាមនីតិវិធី៕