ការចូលធ្វើការវិញរបស់កម្មករនិយោជិតនៅរោងចក្រទាំងពីរ បានធ្វើឱ្យដំណើរការផលិតកម្ម និងស្ថានភាពទូទៅវិលមករកភាពប្រក្រតីឡើងវិញ បន្ទាប់ពីក្រុមការងាររបស់ក្រសួងបានចុះទៅទីតាំងភ្លាមៗ ដើម្បីស្តាប់កង្វល់របស់កម្មករនិយោជិត និងសម្របសម្រួលជាមួយនិយោជកក្នុងការស្វែងរកដំណោះស្រាយដែលអាចទទួលយកបាន។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា៖ «អ្វីដែលក្រសួងចង់ឃើញបំផុត គឺបញ្ហាត្រូវបានដោះស្រាយដោយសន្តិវិធី កម្មករទទួលបានការយកចិត្តទុកដាក់ចំពោះកង្វល់របស់ពួកគាត់ ហើយរោងចក្រអាចបន្តដំណើរការផលិតកម្មជាធម្មតា។ ករណីនេះបង្ហាញថា នៅពេលភាគីទាំងអស់បើកចិត្តសន្ទនា និងចូលរួមស្វែងរកដំណោះស្រាយដោយសុច្ឆន្ទៈ បញ្ហាអាចដោះស្រាយបានយ៉ាងឆាប់រហ័ស និងដោយសន្តិវិធី»។
លោកបានបន្ថែមថា ក្រសួងការងារបន្តប្រកាន់យកគោលការណ៍ដោះស្រាយបញ្ហាការងារតាមរយៈការសន្ទនា ការសម្របសម្រួល និងយន្តការច្បាប់ ដោយគិតគូរទាំងសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់កម្មករនិយោជិត ព្រមទាំងនិរន្តរភាពនៃសហគ្រាស និងការងារដោយគោលដៅសំខាន់គឺធ្វើយ៉ាងណាឱ្យកម្មករអាចបន្តមានការងារធ្វើ និយោជកអាចបន្តផលិតកម្ម ហើយភាគីទាំងពីររក្សាបានទំនាក់ទំនងវិជ្ជាជីវៈល្អ និងសុខដុមរមនាក្នុងកន្លែងការងារ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តតាមដានស្ថានភាពនៅរោងចក្រទាំងពីរ និងលើកទឹកចិត្តឱ្យនិយោជក កម្មករនិយោជិត និងតំណាងពាក់ព័ន្ធ បន្តប្រើប្រាស់ការសន្ទនា និងយន្តការស្របច្បាប់ក្នុងការដោះស្រាយបញ្ហាណាមួយដែលកើតមាន ដើម្បីរួមគ្នារក្សាបរិយាកាសការងារល្អ និងគោលដៅ «សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ»៕