លោក សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានឱ្យដឹងថា គិតត្រឹមសប្តាហ៍ទី១ ខែកក្កដាឆ្នាំ២០២៦នេះ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន ៨៥ % លើសផែនការ ៣,២២%បន្ទាប់ពីពិធីបើកការដ្ឋានសាងសង់នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ។
លោក បានបន្តថា វឌ្ឍនភាពគម្រោងរួមមាន ៖ ១. ផ្នែកគ្រឹះស្ពាន សម្រេច ១០០% ២. រចនាសម្ព័ន្ធ ក្រោមស្ពានសម្រេចបាន១០០ % ៣. រចនាសម្ព័ន្ធលើនៃស្ពានតភ្ជាប់ សម្រេចបាន១០០% ៤. រចនាសម្ព័ន្ធលើនៃស្ពានមេ សម្រេចបាន៨៤,៦% ៥.បណ្តាញផ្លូវសម្រេចបាន ៥១% (តភ្ជាប់ ប្រវែង ៨០៤,៣០ម. សម្រេចបាន ៥០% និងផ្លូវបង្វែរទិស( Ram) ប្រវែង ១,៥៤១ម. សម្រេចបាន ៥០%)។ លោកបន្ថែមថា ក្រុមការងារវាយតម្លៃខ្ពស់ចំពោះ ក្រុមហ៊ុនសំណង់សៀងហៃ ដែលបានអនុវត្តការងារកន្លងមក និងកំពុងដំណើរការ ដោយគោរពតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាត្រឹមត្រូវ ប្រកបដោយគុណភាព និងសោភ័ណភាព។ អង្គភាពគ្រប់គ្រងគម្រោង បន្តឱ្យក្រុមហ៊ុនពង្រឹងសុវត្ថិភាពការងារ ដោយហេតុថារដូវវស្សាទឹកទន្លេចាប់ផ្តើមឡើង និងបន្តថែទាំ និងបំពាក់បន្ថែមពោងសុវត្ថិភាពលើទឹក ដើម្បីសុវត្ថិភាពអ្នកប្រើប្រាស់មធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹក។
តាមការប៉ាន់ស្មានគម្រោងស្ពាន អាចនឹងតភ្ជាប់គ្នានៅចុងឆ្នាំ២០២៦ និងគម្រោងទាំងមូលអាចបញ្ចប់នៅពាក់កណ្តាល ឆ្នាំ២០២៧ ខាងមុខនេះ។ អង្គភាពគ្រប់គ្រងគម្រោង បានណែនាំឱ្យក្រុមហ៊ុនសិក្សា និងពន្លឿនពេលវេលាជាក់លាក់បន្ថែមសម្រាប់ការតភ្ជាប់ស្ពាន និងកាបញ្ចប់គម្រោង។ លើសពីនេះ ត្រូវសិក្សារៀបចំដាំផ្កា ដើម្បីសោភណភាពលើកស្ពានផងដែរ ។
សូមបញ្ជាក់ថា ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ជាស្ពានទី៧តាមដងទន្លេបាសាក់ ហើយក៏ជាស្ពានទី៤ បន្ទាប់ពីស្ពានកោះនរា ស្ពានព្រះមុនីវង្ស និងស្ពានកោះអន្លង់ចិន ភ្ជាប់មហាវិថី ស៊ីជីនពីង ដែលសាងសង់ឡើង មាន៤ គន្លងផ្លូវ៕