ក្នុងសកម្មភាពចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅតំបន់ផ្ទៃអាងទឹកក្នុងភូមិសាស្ត្រទំនប់វារីអគ្គិសនីសេសានក្រោម២ លោក យាម សាវុន នាយរងខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង បានបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម អភិបាលខេត្ត ក្រុមការងារចម្រុះបានសហការគ្នាចុះល្បាតនៅតំបន់ខាងលើ និងបានបង្ក្រាបអ្នកនេសាទខុសច្បាប់ចំនួន ៤៥នាក់។
ក្នុងចំណោមអ្នកនេសាទទាំងនេះ មន្ត្រីជំនាញបានអប់រំណែនាំចំនួន ១៣នាក់ ឱ្យធ្វើកិច្ចសន្យាបញ្ឈប់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ក្នុងរដូវបិទនេសាទ។
លោក យាម សាវុន បន្តថា ជាមួយគ្នានេះ កម្លាំងជំនាញបានដកហូតមងប្រវែង ១.៨៥០ម៉ែត្រ ស្មើនឹង ១៥ត្បូង លូស្បៃមុងប្រវែង ៥៤០ម៉ែត្រ ស្មើនឹង ៨កន្លែង ដកហូតទូក និងម៉ាស៊ីនចំនួន ១គ្រឿង។
កម្លាំងជំនាញក៏បានរកឃើញឧបករណ៍ឆក់ចំនួន ២គ្រឿង អាគុយម៉ាក JP ៥០អំពែ ចំនួន ១គ្រឿង ខ្សែភ្លើងប្រវែង ១០ម៉ែត្រ ខ្សែកាបប្រវែង ៣ម៉ែត្រ ថ្នងសម្រាប់ដងត្រីចំនួន ២ កាំភ្លើងកែច្នៃចំនួន ២ដើម និងបានលែងត្រីប្រមាណ ១០០គីឡូក្រាម ទៅក្នុងជម្រកធម្មជាតិវិញ។ អ្នកនេសាទទាំងអស់នេះ ភាគច្រើនមកពីតំបន់ឆ្ងាយៗផ្សេងគ្នា ហើយបានមកតាំងទីលំនៅនៅតាមតំបន់កោះក្នុងអាងទឹកទំនប់វារីអគ្គិសនីសេសានក្រោម២ តាមដងទន្លេស្រែពក ក្នុងទឹកដីឃុំស្រែគរ និងឃុំក្បាលរមាស ស្រុកសេសាន។
សូមបញ្ជាក់ថា ក្នុងចំណោមអ្នកនេសាទទាំង ៤៥នាក់ខាងលើ មន្ត្រីជំនាញបានពិនិត្យឃើញករណីល្មើសច្បាប់ជលផលមួយចំនួន ដូចជា ការរក្សាទុកឧបករណ៍ឆក់ត្រី ដែលមានបំណងប្រើប្រាស់សម្រាប់ធ្វើនេសាទខុសច្បាប់ និងករណីប្រើប្រាស់អាវុធកែច្នៃ។ អ្នកពាក់ព័ន្ធនឹងករណីទាំងនេះ ត្រូវបានមន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផល កសាងសំណុំរឿងបញ្ជូនទៅស្ថាប័នអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ដើម្បីបន្តនីតិវិធីផងដែរ៕