បើតាមរបាយការណ៍ក្រសួងមហាផ្ទៃ មូលហេតុចម្បង នាំឱ្យកើតមានគ្រោះថ្នាក់ បណ្តាលមកពីការបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព បើកបរមិនប្រកាន់ស្តាំ វ៉ាជែង បត់មិនប្រយ័ត្ន បើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង មិនគោរពសញ្ញាចរាចរណ៍ និងកត្តាយានយន្តជាដើម។ បើរាប់ទាំងខែសីហានេះ សរុបរយៈពេល៨ខែ ឆ្នាំ២០២៦ មានអ្នកស្លាប់សរុប១.០៤៧នាក់ និងរបួសធ្ងន់ស្រាលសរុប២.៤៤០នាក់ ខណៈកត្តាលើសល្បឿនកំណត់ នៅតែបន្តឈរមុខគេ ក្នុងចំណោមមូលហេតុបណ្ដាលឱ្យមានគ្រោះថ្នាក់ រាប់ទាំងករណីបណ្ដាលមកពីការបើកបរក្រោមឥទ្ធិពលជាតិស្រវឹង គឺសុរា។
គួរកត់សម្គាល់ថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឯកភាពតាមការស្នើសុំរបស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អនុញ្ញាតឱ្យមន្ត្រីនគរបាលចរាចរណ៍រឹតបន្តឹងការអនុវត្តច្បាប់ឡើងវិញ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦នេះតទៅ។
ការរអនុវត្តរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ ផ្ដើមមុនគេនៅក្នុងភូមិសាស្ត្រកើតមានគ្រោះថ្នាក់ចរាចរណ៍ច្រើន មានជាអាទិ៍ រាជធានីភ្នំពេញ ខេត្តព្រះសីហនុ កណ្ដាល កំពង់ស្ពឺ និងខេត្តស្វាយរៀង។ ការរឹតបន្តឹងនេះ ផ្តោតសំខាន់ទៅលើអំពើល្មើសដែលបង្កឱ្យមានគ្រោះថ្នាក់ រួមមាន ការបើកបរលើសល្បឿនកំណត់ ការបើកបរក្នុងស្ថានភាពស្រវឹង ការមិនគោរពសញ្ញាសិទ្ធិអាទិភាព និងភ្លើងស្តុប ព្រមទាំងការដឹកជញ្ជូនទំនិញសំពីងសំពោង ជាដើម៕