លោក កែម ជាក់នី ថ្លែងថា វិទ្យាស្ថានបានផ្តោតសំខាន់លើការបណ្តុះបណ្តាលជំនាញដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ដោយឱ្យសិស្ស-និស្សិតរៀនទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង។
ការរៀនជំនាញ មិនមែនគ្រាន់តែរៀនក្នុងថ្នាក់ប៉ុណ្ណោះទេ ប៉ុន្តែត្រូវឱ្យសិស្សអាចធ្វើបានពិតប្រាកដ និងមានបទពិសោធន៍មុនចូលទៅកាន់ទីផ្សារការងារ។លោកនាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ បានលើកឡើងថា ដើម្បីគាំទ្រដល់ការសិក្សាប្រកបដោយគុណភាព វិទ្យាស្ថានមានគ្រូបច្ចេកទេស និងអ្នកជំនាញចូលរួមបណ្តុះបណ្តាល ព្រមទាំងមានរោងជាង បន្ទប់ពិសោធន៍ ឧបករណ៍ និងសម្ភារបច្ចេកទេសតាមមុខជំនាញ សម្រាប់ឱ្យសិស្ស-និស្សិតអាចហ្វឹកហាត់ និងអនុវត្តដោយផ្ទាល់។
លោកថា ការសិក្សាបែបអនុវត្តជាក់ស្តែងនេះ មិនត្រឹមតែជួយឱ្យសិស្សចេះប្រើប្រាស់ឧបករណ៍ និងបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពង្រឹងសមត្ថភាព បង្កើនបទពិសោធន៍ និងទំនុកចិត្តក្នុងការបំពេញការងារនាពេលអនាគតផងដែរ។ជាមួយគ្នានេះ សិស្ស-និស្សិតក៏មានឱកាសចុះកម្មសិក្សា និងទទួលបានបទពិសោធន៍ពីបរិយាកាសការងារជាក់ស្តែង ដែលជាស្ពានតភ្ជាប់ពីការសិក្សាទៅកាន់ការងារ។
សូមបញ្ជាក់ថា បច្ចុប្បន្ន វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ មានការបណ្តុះបណ្តាលជំនាញជាច្រើនក្នុងវិស័យផ្សេងៗ រួមមានវិស្វកម្មឧស្សាហកម្ម សំណង់ស៊ីវិល ព័ត៌មានវិទ្យា មេកានិករថយន្ត និងក្សេត្រសាស្ត្រ ជាដើម ដើម្បីផ្តល់ជម្រើសដល់យុវជនស្របតាមគោលដៅអាជីពរបស់ខ្លួន។ ជាពិសេស វិទ្យាស្ថានក៏មានកម្មវិធីអាហារូបករណ៍សម្រាប់សិស្សានុសិស្សដែលមានលក្ខខណ្ឌសមស្រប មានកន្លែងស្នាក់នៅសម្រាប់សិស្សមកពីឆ្ងាយៗផងដែរ៕