|
បញ្ជូនជនសង្ស័យជនជាតិថៃម្នាក់ ទៅតុលាការពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន
ថ្ងៃទី ៖ 29-08-2026, ដោយ Dara007 , 39 Views
បន្ទាយមានជ័យៈ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក អនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានធ្វើប្រតិបត្តិការបង្រ្កាបករណី ជួញដូរ រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ ស៊ុនថន ផាតថាមិត ហៅ ឡត ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិថៃ មុខរបរមិនពិតប្រាកដ ច្ចុប្បន្នស្នាក់នៅភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ព្រមទាំងដកហូតវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូលពណ៌ទឹកក្រូច (WY) ចំនួន០២កូនថង់កិប ស្មើនឹង០៩គ្រាប់ ទម្ងន់ ១,២៩ក្រាម, សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន រួមនឹងកាបូបពណ៌ត្នោតចំនួន០១ (សម្រាប់ដាក់គ្រឿងញៀន) ហើយនាំមកកាន់មកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដេីម្បីសួរនាំតាមនីតិវិធី។
លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសួរនាំរួចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានទិញគ្រឿងញៀនមករក្សាទុកដើម្បីលក់ផងនិងប្រើប្រាស់ដោយខ្លួនឯងផងពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាពនិងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយនៅព្រឹកថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕
|