លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានបិទបញ្ចប់កិច្ចប្រជុំប្រធានសភានៃអន្តរសភា លើកទី២នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី ង្វៀន ធី ថាញ់អនុប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។
លោកបន្តថា ក្នុងជំនួបពិភាក្សានោះ សម្ដេចតេជោបានថ្លែងអំណរគុណចំពោះលោកស្រីអនុប្រធានសភាវៀតណាម ដែលបានអញ្ជើញមកចូលរួមនៅក្នុងសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលនេះ។
លោកស្រីក៏បានថ្លែងនូវការកោតសរសើរចំពោះភាពជោគជ័យនៃពិធីបើកសន្និសីទកាលពីថ្ងៃទី២៧ សីហា ដែលមានការចូលរួមពីបណ្ដាថ្នាក់ដឹកនាំសំខាន់ៗជុំវិញពិភពលោក ។
ជាកិច្ចឆ្លើយតប សម្ដេចតេជោ បានអរគុណចំពោះលោកជំទាវដែលបានវាយតម្លៃខ្ពស់ចំពោះ ការរៀបចំសន្និសីទប្រធានសភា នៃអន្តរសភាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាឆ្នាំ២០២៦នេះ។
ចំពោះទំនាក់ទំនងកម្ពុជា និងវៀតណាម អនុប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានលើកឡើងថា នៅឆ្នាំ២០២៧ ខាងមុខនេះ គឺជាខួប៧០ឆ្នាំហើយ នៃការបង្កើតទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយក៏ជាខួប៥០ឆ្នាំ ដែលសម្ដេចតេជោបានធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីកៀរគរការរំដោះប្រទេសកម្ពុជាចេញពីរបបប្រល័យពូជសាសន៍៕