ការណែនាំនេះ ត្រូវបានធ្វើឡើងក្នុងពិធីជួបសំណេះសំណាល និងតម្រង់ទិសការងារគ្រប់គ្រងព័ត៌មាន និងសាធារណៈមតិ ជូនដល់មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តកោះកុងនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ។
លោក ទេព អស្នារិទ្ធ បានលើកឡើងទៀតថា នៅក្នុងបរិបទដែលបច្ចេកវិទ្យាវិវត្តន៍យ៉ាងឆាប់រហ័ស លំហូរព័ត៌មានក្លែងក្លាយក៏កើតមានឡើងយ៉ាងច្រើន ដែលទាមទារឱ្យមន្ត្រីព័ត៌មានត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងមានវិធានការគ្រប់គ្រងព័ត៌មាននិងឆ្លើយតបឱ្យបានម៉ឺងម៉ាត់។ ឯកឧត្តមបានគូសបញ្ជាក់ថា វិធីសាស្ត្រប្រឆាំងដ៏មានប្រសិទ្ធភាព គឺការយកព័ត៌មានពិតទៅបំផ្លាញព័ត៌មានក្លែងក្លាយឱ្យអស់។
លោកបានសង្កត់ធ្ងន់ថា នៅពេលដែលមន្ត្រីសាធារណមតិមានធាតុចូល និងព័ត៌មានគ្រប់គ្រាន់ក្នុងដៃ យើងអាចផ្សព្វផ្សាយឆ្លើតបបានភ្លាមៗ និងមានមូលដ្ឋានគ្រឹះត្រឹមត្រូវ ការឆ្លើយតបបានលឿន និងច្បាស់លាស់ ជួយកាត់បន្ថយការភាន់ច្រឡំរបស់សាធារណជន ហើយការពារមិនឱ្យមតិអវិជ្ជមានពីបរទេស ឬក្រុមមជ្ឈដ្ឋានមិនល្អ បំភ្លៃការពិតអំពីស្ថានភាពប្រទេសកម្ពុជា ជាពិសេសក្នុងមូលដ្ឋាន។ លោកគួសបញ្ជាក់ថា មន្ទីរព័ត៌មានដើរតួនាទីជាស្ពានតភ្ជាប់ដ៏សំខាន់រវាងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ តាមរយៈការងារសាធារណមតិ ដែលជាសេនាធិការមិនអាចខ្វះបានទាំងនៅថ្នាក់រដ្ឋបាលរាជធានី-ខេត្ត និងថ្នាក់ជាតិ។
លោកបញ្ជាក់ថា យន្តការការងារព័ត៌មាន និងសាធារណមតិ នៃមន្ទីររាជធានីខេត្ត កំពុងដើរតួនាទីដ៏សំខាន់ជា «ខ្សែប្រយុទ្ធ»ក្នុងសមរភូមិព័ត៌មានសម្រាប់មូលដ្ឋានរាជធានីខេត្តរៀងៗខ្លួន។
ទោះជាយ៉ាងណាក៏ដោយ លោកបានសង្កត់ធ្ងន់ថា ដើម្បីធានាបាននូវកម្លាំងសរុប និងប្រសិទ្ធភាពការងារ ក្រុមការងារទាំងអស់ត្រូវតែមានការគាំទ្រ និងសហការគ្នាជាធ្លុងមួយដើម្បីធានាសាមគ្គីភាពរឹងមាំផ្ទៃក្នុង ព្រមទាំងបន្តពង្រឹងកិច្ចសហការល្អជាមួយមន្ទីរជំនាញជុំវិញខេត្ត និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ក្នុងទម្រង់ជាបណ្តាញការងារព័ត៌មាន និងសាធារណមតិរឹងមាំក្នុងមូលដ្ឋាន។
ជាមួយគ្នានេះ លោកក៏បានជំរុញឱ្យមន្ទីរព័ត៌មានរាជធានី-ខេត្តទាំងអស់ យកចិត្តទុកដាក់ផលិត និងផ្សព្វផ្សាយព័ត៌មានសកម្មភាពថ្នាក់ដឹកនាំ ការអភិវឌ្ឍមូលដ្ឋាន និងព្រឹត្តិការណ៍នានាក្នុងខេត្ត តាមរយៈគេហទំព័រ និងបណ្តាញសង្គមផ្លូវការរបស់មន្ទីរឱ្យបានផុលផុសផងដែរ។
លោក មុំ ម៉ាលិកា ប្រធានមន្ទីរព័ត៌មានខេត្តកោះកុង បានប្តេជ្ញាពង្រឹងសមត្ថភាពក្រុមការងារ និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញការផលិតមាតិកាព័ត៌មានស្តីពីសកម្មភាពថ្នាក់ដឹកនាំ និងសមិទ្ធផលអភិវឌ្ឍន៍មូលដ្ឋានឱ្យបានកាន់តែសកម្ម និងទាន់ពេលវេលា។
ជាមួយគ្នានេះ មន្ទីរនឹងពង្រឹងប្រសិទ្ធភាពបណ្តាញសង្គមផ្លូវការរបស់ខ្លួន ដើម្បីក្លាយជាប្រភពព័ត៌មានដ៏មានទំនុកចិត្តសម្រាប់ប្រជាពលរដ្ឋ នៅក្នុងខេត្តកោះកុងទាំងមូល៕