ការលើកឡើងរបស់លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃនេះ បន្ទាប់ពីលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានដាក់ចេញជាគោលការណ៍លើមន្រ្តីក្រសួងមហាផ្ទៃដែលបើកបរក្នុងស្ថានភាពស្រវឹងហើយបង្កគ្រោះថ្នាក់ចរាចរណ៍នឹងបណ្តេញចេញពីក្របខណ្ឌ ។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានគូសបញ្ជាក់បន្ថែមថា មន្រ្តីទាំង៣ប្រភេទរបស់ក្រសួងមហាផ្ទៃដែលពិសារគ្រឿងស្រវឹងបង្កគ្រោះថ្នាក់ចរាចរណ៍នឹងប្រឈមមុខការបណ្តេញចេញ ។
លោកបណ្ឌិត ទូច សុឃៈ សង្កត់ធ្ងន់ថា សំឡេង “ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃមន្រ្តីទាំង៣ប្រភេទដែលមានរដ្ឋបាលស៊ីវិល មាននគរបាលជាតិ និងមន្រ្តីពន្ធនាគារដែលទទួលទានគ្រឿងស្រវឹងបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ នឹងប្រឈមនឹងការបណ្តេញចេញពីក្របខណ្ឌ ។ នេះមិនទាន់ទាំងគិតទៅដល់ការទទួលខុសត្រូវផ្សេងៗនៅឡើយទេ” ។
លោកបន្តថា ប្រសិនបើជាមន្រ្តីទាំង៣ប្រភេទស្ថិតនៅក្រោមចំណុះក្រសួងមហាផ្ទៃនេះ ទទួលទានគ្រឿងស្រវឹង ហើយទៅរករឿងបង្កជម្លោះជាមួយនឹងអ្នកដទៃ បង្កភាពវឹកវរ និងអសីលធម៌សង្គម នៅតាមទីសាធារណៈនានាក៏ប្រឈមមុននឹងការបណ្តេញចេញពីក្របខណ្ឌផងដែរ ៕