កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកអនុសេនីយ៍ឯក ហាន គឹមសួង ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះល្បាតរក្សាសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ស្ថិតក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ប្រទះឃើញជនសង្ស័យម្នាក់គួរឱ្យសង្ស័យ ទើបកម្លាំងបានហៅមកសួរនាំភ្លាមៗ ហើយបានរកឃើញកន្ទុយម៉ាស៊ីនត្រជាក់ម៉ាក មេឌៀ ចំនួន០១គ្រឿង,ដង្កាប់ ចំនួន០១,កូនសោរ រាងមូលអក្សរL ចំនួន០១ ហើយនាំកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីសួរនាំ។ លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ជនសង្ស័យម្នាក់នោះឈ្មោះ ស៊ ម៉េងហូរ ភេទប្រុស អាយុ២៣ឆ្នាំ ក្រោយឃាត់ខ្លួននិងសួរនាំ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានដើរលួចដោះយកកន្ទុយម៉ាស៊ីនត្រជាក់ជារឿយៗក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ដើម្បីយកទៅលក់យកលុយទៅទិញគ្រឿងញៀនមកប្រើប្រាស់ពិតប្រាដកមែន។
ដោយផ្អែកលើចម្លើយសារភាពនិងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕