ក្រៅពីឃាត់ឃ្លួនជនសង្ស័យ សមត្ថកិច្ចក៏បានដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួន រួមមាន៖ កុំព្យូទ័រចំនួន ១ គ្រឿង, អេក្រង់កុំព្យូទ័រ ១ គ្រឿង, ទូរសព្ទដៃសរុប ៥៨ គ្រឿង, លិខិតឆ្លងដែន ១១ ក្បាល ព្រមទាំងទិដ្ឋាការក្លែងក្លាយ (Fake Visa) មួយចំនួនទៀត។ ផ្អែកតាមការសន្និដ្ឋានបឋម ជនសង្ស័យបានប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយធ្វើសកម្មភាពប្រមូលព័ត៌មានផ្ទាល់ខ្លួនរបស់ជនរងគ្រោះ (ក្នុងប្រទេសម៉ាឡេស៊ី) ដើម្បីយកទៅប្រើប្រាស់ក្នុងចេតនាទុច្ចរិត និងក្លែងបន្លំឯកសារសាធារណៈ (ផលិតទិដ្ឋាការក្លែងក្លាយ)។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងចាត់ការតាមច្បាប់ជាធរមាន។
សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាពឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយគ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ៕