លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងក្នុងសន្និសីទសារព័ត៌មានក្នុងសន្និសីទសារព័ត៌មានបិទបញ្ចប់កិច្ចប្រជុំនៃអន្តរសភា លើកទី២ នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ (ISC-2) បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក អាប់ឌុល រ៉ាហ៊ីម អាប់ឌុលឡា ប្រធានសភាម៉ាល់ឌីវ ក្នុងឱកាសលោក អញ្ជើញចូលរួមក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សម្ដេចតេជោក៏បានថ្លែងអំណរអរគុណចំពោះឯកឧត្តមដែលបានអញ្ជើញមកចូលរួមនៅក្នុងសន្និសីទប្រធានសភានៃអន្តរសភាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលនេះ។
លោកប្រធានសភាម៉ាល់ឌីវ ក៏បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការរៀបចំសន្និសីទដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ។ ឯកឧត្តមក៏បានកោតសរសើរចំពោះកិត្យានុភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិផងដែរ។
ក្នុងជំនួបពិភាក្សា រវាងសម្ដេចតេជោ ជាមួយលោកប្រធានសភានៃសាធារណរដ្ឋម៉ាល់ឌីវ ក៏បានជជែកទៅលើការពង្រឹងនៅក្នុងក្របខណ្ឌទ្វេភាគីរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ការពង្រឹងលើវិស័យទេសចរណ៍ វិស័យកសិកម្ម ជាពិសេសការនាំចេញផលិតផលកសិកម្មផងដែរ ៕