លោក ទេស សុធីរ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ ឱ្យដឹងថា ការដំឡើងកៅអីអង្គុយនៅតាមប្រាសាទ ធ្វើឡើងដោយបានសិក្សាយ៉ាងលម្អិតទៅលើទីតាំង ចំនួនភ្ញៀវទេសចរ និងតម្រូវការរបស់ភ្ញៀវទេសចរ ដើម្បីសម្រួលដល់ការអង្គុយសម្រាកបំបាត់ភាពនឿយហត់នៅពេលដែលដើរទស្សនាប្រាសាទ។
ម្យ៉ាងទៀត ការដំឡើងកៅអីសម្រាប់ទេសចរអង្គុយសម្រាកនៅតាមប្រាសាទ ជួយកាត់បន្ថយភ្ញៀវទេសចរអង្គុយលើថ្មប្រាសាទ កាត់បន្ថយបញ្ហាកកស្ទះនៅក្នុងប្រាសាទ រួមចំណែកក្នុងកិច្ចការអភិរក្សប្រាសាទបុរាណដែលមានអាយុរាប់រយឆ្នាំមកហើយ។
លោក ទេស សុធីរ បន្តថា កៅអីដែលរៀបចំដំឡើងនៅតាមទីតាំងប្រាសាទនីមួយៗ គឺក្រោមម្លប់ឈើអាចឱ្យទេសចរអង្គុយសម្រាកលំហែគយគន់ទេសភាព និងប្រាសាទបានយ៉ាងល្អ អមជាមួយបរិយាកាសស្ងប់ស្ងាត់ បង្កើតបានអារម្មណ៍ស្រស់ស្រាយ ទទួលបានបទពិសោធន៍ល្អៗក្នុងការទស្សនានៅក្នុងរមណីយដ្ឋានអង្គរ។
អនុប្រធានរូបនេះ បញ្ជាក់ថា នៅក្នុងឆ្នាំ២០២៦នេះ អាជ្ញាធរជាតិអប្សរា មានគម្រោងដំឡើងកៅអីនៅតាមប្រាសាទបុរាណ និងទីតាំងចាំបាច់នានាក្នុងរមណីយដ្ឋានអង្គរ សរុបជាកៅអីចំនួន២២៥កៅអី។ ក្រុមការងារក៏បានសិក្សាអំពីបរិស្ថាន និងទីតាំងទេសភាពវប្បធម៌នីមួយៗយ៉ាងច្បាស់លាស់មុននឹងដំឡើងគ្រឿងបរិក្ខារ ដោយសិក្សាទៅលើទំហំរបស់ប្រាសាទ និងចំនួនភ្ញៀវចូលទស្សនា ដោយជ្រើសរើសយកទីតាំងយ៉ាងសមស្របមិនប៉ះពាល់ដល់ទេសភាពវប្បធម៌ ហើយថែមទាំងអាចទាក់ទាញឱ្យភ្ញៀវទេសចរអាចគយគន់ និងថតយករូបភាពបានស្អាតទៀតផង។
សូមរំឭកដែរថា នេះជាដំណាក់កាលទី២ហើយ ដែលអាជ្ញាធរជាតិអប្សរា បានដំឡើងកៅអីនៅតាមប្រាសាទក្នុងរមណីយដ្ឋានអង្គរ។ ក្រៅពីនេះ អាជ្ញាធរជាតិអប្សរា បានរៀបចំគ្រឿងបរិក្ខារទេសចរណ៍ មានដូចជា រៀបចំកម្រាលឈើនៅតាមវង់ទស្សនាប្រាសាទមួយចំនួន រៀបចំកម្រាលដើម្បីឱ្យភ្ញៀវទេសចរអាចទស្សនាថ្ងៃរះ និងថតរូបនៅស្រះខាងត្បូងមុខប្រាសាទអង្គរវត្ត ដំឡើងជណ្តើរឈើនៅតាមទីតាំងឡើង-ចុះក្នុងប្រាសាទមួយចំនួន ព្រមទាំងរៀបចំ ស្លាកសញ្ញាបង្ហាញប្រាប់ទិសដៅទស្សនា និងផ្ទាំងព័ត៌មានផ្សេងៗនៅតាមប្រាសាទជាដើម៕