|
កម្ពុជា អ៊ុយរូហ្កាយ ឯកភាពពង្រីកទំនាក់ទំនងជាមួយគ្នា ជាពិសេសផ្ដោតទៅលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគ
ថ្ងៃទី ៖ 10-09-2026, ដោយ Dara007 , 4 Views
ភ្នំពេញៈ កម្ពុជា អ៊ុយរូហ្កាយ ឯកភាពពង្រីកទំនាក់ទំនងជាមួយគ្នា ជាពិសេសផ្ដោតទៅលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគ ដើម្បីជំរុញទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើន។
ប្រាប់អ្នកសារព័ត៌មានក្រោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋអ៊ុយរូហ្កាយ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា កាលពីរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា លោកបានប្ដេជ្ញាថា នឹងខិតខំពង្រឹងនូវទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអ៊ុយរូហ្កាយ ឲ្យកាន់តែរីកចម្រើនហើយជាពិសេសនោះគឺឯកឧត្តមមានមោទនភាពណាស់ដែលបានធ្វើជាឯកអគ្គរដ្ឋទូតរបស់អ៊ុយរូហ្កាយ ប្រចាំនៅកម្ពុជា។
នៅក្នុងឱកាសនេះ សម្ដេចតេជោបានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់ឯកឧត្តមអគ្គរដ្ឋទូត អ៊ុយរូហ្កាយ ដោយសម្ដេចបានឯកភាពនៅក្នុងការពង្រឹងនូវទំនាក់ទំនងទ្វេភាគី រវាងកម្ពុជានិងអ៊ុយរូហ្កាយឲ្យកាន់តែរីកចម្រើន។
សម្ដេចបានមានប្រសាសន៍អំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ទោះបីជានៅឆ្ងាយពីគ្នាយ៉ាងណាក៏ដោយ ប៉ុន្តែប្រទេសទាំងពីរអាចមានសក្កានុពល ជាច្រើនទៀតក្នុងការពង្រីកទំនាក់ទំនងជាមួយគ្នា ជាពិសេសផ្ដោតទៅលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងកម្ពុជា និងអ៊ុយរូហ្កាយ៕
|