លោក Vanlalvawna Bawitlung បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរ។ លោកឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្ម និងវិធានការម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងបានកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាព និងស្ថានភាពរបស់ជនរងគ្រោះពីអំពើឆបោកទាំងនេះ។
បន្ថែមលើនេះ លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់ពីការគាំទ្រយ៉ាងពេញទំហឹងចំពោះការរៀបចំ «សន្និសីទអន្តរជាតិស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ។
ក្នុងជំនួបនេះ លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងឥណ្ឌានាពេលកន្លងមក។
លោកសន្តិបណ្ឌិត បានគូសបញ្ជាក់ពីសារសំខាន់នៃការផ្លាស់ប្តូរ និងចែករំលែកព័ត៌មាន ក៏ដូចជាការបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីជំនាញ រវាងមជ្ឈមណ្ឌលសម្របសម្រួលបទល្មើសបច្ចេកវិទ្យានៃប្រទេសឥណ្ឌា (I4C) និង គ.ប.ឆ.ប.។
ជាមួយគ្នានេះ លោកសន្តិបណ្ឌិត ក៏បានជម្រាបជូនភាគីឥណ្ឌាអំពីគម្រោងដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ រៀបចំ «សន្និសីទអន្តរជាតិស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ នៅរាជធានីភ្នំពេញ ព្រមទាំងបានស្នើឱ្យភាគីឥណ្ឌាផ្តល់ការគាំទ្រ និងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍ក្នុងព្រឹត្តិការណ៍ដ៏មានសារសំខាន់នេះ។
មុននឹងបញ្ចប់ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់យ៉ាងស៊ីជម្រៅអំពីទិសដៅពង្រឹងកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ ជាពិសេសលើការផ្លាស់ប្តូរ-ចែករំលែកព័ត៌មានទាន់ពេលវេលា និងការជួយបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្រ្តីជំនាញ ក្នុងការបង្ក្រាប និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕