ជាមួយគ្នានេះដែរ អគ្គនាយកដ្ឋានពន្ធនាគារ ក៏បន្តការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈជនជាប់ឃុំជាប្រចាំ ដោយជាលទ្ធផលមានទណ្ឌិតសរុប១៧.៧១៤នាក់ (ស្ត្រី ២.៤៤៨នាក់) ទទួលបានការបណ្ដុះបណ្ដាលនិងមុខរបរសម្រាប់ចិញ្ចឹមជីវិតក្រោយពេលដោះលែង ខណៈអ្នកជាប់ឃុំផ្សេងទៀត ក៏ទទួលបានសេវាស្ដារនីតិសម្បទាតាមរយៈជំនួយ និងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាដៃគូនានា ដើម្បីធានាថាពួកគេនឹងក្លាយជាពលរដ្ឋល្អក្នុងសង្គមក្រោយពេលមានសេរីភាព។
គួរកត់សម្គាល់ថា អគ្គនាយកដ្ឋានពន្ធនាគារ បានបង្កើតកម្មវិធីសិក្សានិងវគ្គបណ្តុះបណ្តាលផ្តល់បំណិនជីវិតដល់ជនជាប់ឃុំជាច្រើនក្រោមទម្រង់នៃកម្មវិធីអប់រំកែប្រែ ស្តារនីតិសម្បទា និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈព្រមទាំងកម្មវិធីជំនួយឧបត្ថម្ភរបស់ដៃគូអភិវឌ្ឍន៍នានា។ ជំនាញទាំងនោះមានដូចជា កាត់ដេរ កាត់សក់ សម្អាងការ ប្រើប្រាស់ និងជួសជុលកុំព្យូទ័រ ជួសជុលម៉ូតូ យានយន្តនិងបរិក្ខារម៉ាស៊ីនត្រជាក់ បច្ចេកទេសកសិកម្ម សិប្បកម្ម សំណង់ស៊ីវិល អេឡិចត្រូនិកនិងជំនាញផលិតកម្ម
។ លើការងារអប់រំនេះដែរ បើគិតពីត្រឹមឆ្នាំ២០២៥ ដល់ឆមាសទី១ ឆ្នាំ២០២៦ អគ្គនាយកដ្ឋានពន្ធនាគារ បានរៀបចំឱ្យជនជាប់ឃុំបានចូលរៀនអក្ខរកម្មថ្នាក់សមមូល និងថ្នាក់ភាសាបរទេសចំនួន ៦.៣៩២នាក់ ក្នុងនោះស្ត្រីមាន៦២៧នាក់។
ផ្អែកតាមលទ្ធផលនៃចលនាប្រឡងប្រណាំងកែប្រែខ្លួនមានទណ្ឌិតចំនួន ២១.២០៤នាក់ (ស្ត្រី ១.៩៩២នាក់) ត្រូវបានពិនិត្យនិងវាយតម្លៃលក្ខណសម្បត្តិសម្រាប់ការស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស។
សូមបញ្ជាក់ថា បច្ចុប្បន្នប្រទេសកម្ពុជាមានពន្ធនាគារចំនួន២៥ និងមណ្ឌលអប់រំកែប្រែចំនួន៤។ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទើបបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារឃុំឃាំង អគាររដ្ឋបាល និងសមិទ្ធផលនានានៅពន្ធនាគារខេត្តកែប។
លោកបានផ្តល់អនុសាសន៍ថា ពន្ធនាគារត្រូវតែជាទីកន្លែងស្អាតស្អំ គ្មានរឿងអាស្រូវ ហើយត្រូវប្ដេជ្ញាចិត្តផ្ដល់សេវាស្ដារនីតិសម្បទាអ្នកជាប់ឃុំឱ្យក្លាយជាពលរដ្ឋល្អជូនសង្គមជាតិ។
ក្នុងឱកាសនោះដែរ លោកក៏បានជំរុញ និងណែនាំឱ្យគ្រប់ពន្ធនាគារ យកចិត្តទុកដាក់ រឹតបន្តឹងការត្រួតពិនិត្យនៅតាមច្រកចេញ-ចូលនីមួយៗទាំងការចូលសួរសុខទុក្ខពីសំណាក់សាច់ញាតិ ដោយត្រូវឆែកឆេរឱ្យបានស្ទាត់ជំនាញ ម៉ឺងម៉ាត់និងគ្រប់ជ្រុងជ្រោយ ដើម្បីទប់ស្កាត់ដាច់ខាតនូវការលួចលាក់នាំចូលគ្រឿងញៀន អាវុធ ឧបករណ៍បម្រាម ឬសម្ភារខុសច្បាប់ផ្សេងៗចូលក្នុងពន្ធនាគារ៕