សម្ដេចតេជោ៖ បញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃលើកញ្ចក់ទូរទស្សន៍កម្ពុជាទាំងអស់ និងការនាំទំនិញថៃមកប្រើក្នុងកម្ពុជា
ថ្ងៃទី ៖ 12-06-2025, ដោយ Dara007 , 37 Views
ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន បានសូមជូនយោបល់ទៅរាជរដ្ឋាភិបាល បញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃលើកញ្ចក់ទូរទស្សន៍កម្ពុជាទាំងអស់ និងអាចឈានទៅបញ្ឈប់ការនាំទំនិញថៃមកប្រើក្នុងកម្ពុជា ខណៈដែលបញ្ហារីករាលដាលពីបញ្ហាជម្លោះយោធានៅតំបន់មួយ រីករាលដាលដល់កន្លែងផ្សេងទៀត និងកុំរីករាលដាលដល់វិស័យផ្សេងទៀត។
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានប្រសាសន៍ថា កន្លងមកក្រុមជ្រុលនិយមថៃដោយមានការគាំទ្រពីពួកយោធាដែលនិយមសង្រ្គាមបានគំរាមមកកម្ពុជាថា នឹងកាត់ភ្លើងកាត់អុីនធើណែត។ កាត់ភ្លើងអី បើកម្ពុជាមិនប្រើភ្លើងថៃផង។ កាត់អ៉ិនធើណែតអី បើកម្ពុជាមានអុីនធើណែតប្រើគ្រប់គ្រាន់ហើយនោះ។
សម្ដេចតេជោ តែងបានអំពាវនាវកុំឲ្យបញ្ហារីករាលដាលពីបញ្ហាជម្លោះយោធានៅតំបន់មួយ រីករាលដាលដល់កន្លែងផ្សេងទៀត និងកុំរីករាលដាលដល់វិស័យផ្សេងទៀត។ តែពេលនេះវាបានរីករួចស្រេចទៅហើយដូចជា ការបិទព្រំដែនជាឯកតោភាគី បន្ថយចំនួនថ្ងៃស្នាក់នៅ ជាឯកតោភាគី និងការគំរាមកាត់ភ្លើង កាត់អ៉ិនធើណែត ការរាយលួសបន្លាតាមច្រកព្រំដែនខ្លះដោយធ្វើតាមទំនើងចិត្ត។ បើបានជាជ្រុលរបៀបនេះទៅហើយ ខ្ញុំសូមជូនយោបល់ទៅរាជរដ្ឋាភិបាលថា ក្រៅពីបញ្ហាប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) កម្ពុជាគួរពិចារណាបញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃលើកញ្ចក់ទូរទស្សន៍កម្ពុជាទាំងអស់ និងអាចឈានទៅបញ្ឈប់ការនាំទំនិញថៃមកប្រើក្នុងកម្ពុជាផងដែរ។
សម្ដេចតេជោ អះអាងថា កម្ពុជាមិនគួរខ្លាចថៃបណ្តេញពលករខ្មែរត្រឡប់មកប្រទេសវិញនោះទេ ព្រោះរឿងនេះយើងក៏លំបាក ថៃខ្លួនឯងក៏លំបាក ដោយសារក្រុមហ៊ុនថៃ ខ្វះកម្លាំងពលកម្មដែលធ្វើឲ្យសេដ្ឋកិច្ចថៃរងផលប៉ះពាល់មួយផ្នែកផងដែរ។ រឿងទាំងនេះសុទ្ធតែជាផ្តល់មតិសម្រាប់ការពិចារណាតែរឿង គួរធ្វើភ្លាមគឺបញ្ឈប់ការចាក់បញ្ចាំងខ្សែភាពយន្តថៃលើកញ្ចក់ទូរទស្សន៍កម្ពុជា៕
|