អាជ្ញាធរខេត្តកំពង់ស្ពឺនៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះបានលើកយកករណីវិវាទដីធ្លីមួយករណីទៀតមកធ្វើការស្រាយក្រៅប្រព័ន្ធតុលាការ ក្រោមយុទ្ធសាស្ត្រឈ្នះឈ្នះ ដើម្បីរកភាពសះជារវាងគូវិវាទគឺសមាគមន៍ជនពិការកម្ពុជានិងលោកស្រី យឹម វរនី លើផ្ទៃដីប្រមាណជាង២៧ហិកតាស្ថិតនៅភូមិវាលធំ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលបាននិងកំពុងអូសបន្លាយអស់រយ:ពេលជាង២០ឆ្នាំនៅលើវិថីតុលាការ ដើម្បីទទួលបានប្លង់កាន់កាប់ស្របច្បាប់។
នាយករងរដ្ឋបាលសាលាខេត្តកំពង់ស្ពឺ លោក ជេត ដុំ បានលើកឡើងថា ការដោះស្រាយរាល់បណ្តឹងទាំងឡាយនៅតុលាការ គឺមិនអាចចៀសផុតទេ នូវការសម្រេចសេចក្តីដែលតម្រូវឱ្យភាគីមួយត្រូវឈ្នះ និងភាគីមួយទៀតត្រូវចាញ់។តាមរយៈការសម្រេចក្តីដោយតុលាការនេះ ភាគីចាញ់ក្តីនីមួយៗតែងរអ៊ូរទាំ ហើយពួកគេជារឿយៗតែងតែបន្តការប្តឹងទៅសាលាឧទ្ធរណ៍ និងបន្តទៅតុលាការកំពូលថែមទៀត ដោយភាគីត្រូវចំណាយពេលវេលាអស់ជាច្រើនឆ្នាំ និងធនធានប្រាក់កាសជាច្រើនសន្ធឹកសន្ធាប់ ដើម្បីបញ្ចប់រឿងក្តីនេះ ហើយរឿងខ្លះអូសបន្លាយ១០ទៅ២០ឆ្នាំនៅតែមិនអាចរកភាពយុត្តិធម៌ឱ្យខ្លួនបាន។
លោក ជេត ដុំ បន្តថាក្រោមការណែនាំរបស់លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ជាប្រធានគណកម្មាធិការដោះស្រាយវិវាទដីធ្លីថ្នាក់ខេត្តនិងគណកម្មការរដ្ឋបាលសុរិយោដីថ្នាក់ខេត្តបានណែនាំឱ្យមានការដោះស្រាយករណេីវិវាទនេះនៅក្រៅប្រព័ន្ធតុលាការឱ្យបានច្រើននិងអស់លទ្ធភាពតាមរយៈរូបភាពឈ្នះ-ឈ្នះទាំងសងខាង ដែលមិនតម្រូវឱ្យគូភាគីចំណាយធនធានប្រាក់កាស និងមិនសូវខាតពេលវេលាក្នុងការបន្តពាក្យបណ្តឹងនិងក៏មិនចាំបាច់ទៅដល់សាលាក្តីជាច្រើនថ្នាក់នោះដែរ។
ជាក់ស្តែងរយ:កាលកន្លងមកនេះអាជ្ញាធរខេត្តក៏បានទទួលពាក្យបណ្តឹងជាច្រើនពីប្រជាពលរដ្ឋពាក់ព័ន្ធនិងករណីវិវាទដីធ្លី ដែលរឿងខ្លះបាននិងកំពុងចរន្តនិងខ្លះកំពុងជាប់គាំងដោះស្រាយមិនចេញនៅក្នុងនីតិវិធីតុលាការទាំងបីថ្នាក់។ នាយករងរដ្ឋបាលសាលាខេត្តកំពង់ស្ពឺបានបញ្ជាក់ថាជាក់ស្តែងករណីវិវាទដីធ្លីរវាងលោកស្រី យឹម វរនី ជាមួយលោក ទូច សឿលី ប្រធានសមាគមជនពិការកម្ពុជាបានអូសបន្លាយជាង២០ឆ្នាំលើទំហំដីប្រមាណជាង២៧ហិកតាស្ថិតក្នុងភូមិវាលធំ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ត្រូវបានអាជ្ញាធរខេត្តលើកយកមកដោះស្រាយតាមយុទ្ធសាស្ត្រឈ្នះឈ្នះដើ់ម្បីឈានទៅផ្សះផ្សារអោយមានភាពសះជានិងគ្នា ក្រោមគោលការណ៍អ្នកមានឯកសារទទួលបាន៥០លើ៥០និងអ្នកគ្មានឯកសារទទួលបាន៦០លើ៤០។
ហើយការផ្សះផ្សារនេះក៏និងអនុវត្តជាក់ស្តែងនៅលើទីតាំងដីដែលបាននិងកំពុងកាន់កាប់អាស្រ័យផលផងដែរ។ នៅក្នុងរង្វង់ដំណោះស្រាយនោះដែរ នាយករងរដ្ឋបាលសាលាខេត្តកំពង់ស្ពឺក៏បានបញ្ជាក់ដោយសង្កត់ធ្ងន់ថា ចំពោះគូវិវាទដែលបានសម្របខ្លួនទទួលយកការដោះស្រាយរបស់គណកម្មការ គឺនិងទទួលបានសិទ្ធិក្នុងការគ្រប់គ្រងស្របច្បាប់ដោយមិនដេញដោលពីអតីតភាពកាន់កាប់នោះឡើយហើយក៏ទទួលបានការលើកទឹកចិត្តពីអាជ្ញាធរនិងមន្ត្រីជំនាញផងដែរ តែផ្ទុយទៅវិញចំពោះគូភាគីវិវាទដែលមិនសម្របខ្លួនទទួលយកការដោះស្រាយក្រោមយុទ្ធសាស្ត្រឈ្នះឈ្នះនេះទេ គណកម្មការដោះស្រាយវិវាទនិងធ្វើការស្រាវជ្រាវប្រវត្តិកាន់កាប់លើដីទំនាស់ ក្នុងករណីរកឃើញថា ការកាន់កាប់ប្រព្រឹត្តឡើងក្នុងភាពទុច្ចរិត នោះគណកម្មការនិងអាជ្ញាធរមិនលើកលែងឱ្យនោះទេ គឺអាចប្រឈមចំពោះមុខច្បាប់ជាធរមាន៕