អ្នកជំនាញការអាដហុកអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក ចុះពិនិត្យការដ្ឋានជួសជុលប្រាសាទមុនកិច្ចប្រជុំផ្លូវការ សៀមរាបៈ ក្រុមអ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក ហៅកាត់ថាអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក ដើម្បីត្រួតពិនិត្យតាមការដ្ឋានជួសជុលប្រាសាទក្នុងតំបន់ រមណីយដ្ឋានអង្គរ។
ការងារនេះធ្វើឡើងក្នុងបំណងសិក្សា និងពិនិត្យការងារ ដែលអនុលោមតាម អនុសាសន៍ដែលអ្នកជំនាញការបានផ្តល់អនុសាសន៍នាពេលកន្លងមក។ អំឡុងពេលចុះពិនិត្យនោះ ក្រុមអ្នកជំនាញការអន្ដរជាតិដែលមានគ្នាសរុប៦រូប រួមនិងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដែលមានឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងសហការី បានចុះពិនិត្យការងារជួសជុលការដ្ឋានមួយចំនួន ដូចជាគម្រោងជួសជុលប្រាសាទអង្គរវត្ត ប្រាសាទតាព្រហ្ម ប្រាសាទភិមានអាកាស ប្រាសាទតាសោម ប្រាសាទតានៃ ប្រាសាទបន្ទាយសំរ៉ែជាដើម ដែលនៅទីនោះអ្នកជំនាញការបានស្ដាប់ការធ្វើបទបង្ហាញពីក្រុមការងារជួសជុល ក៏ដូចជាការផ្តល់អនុសាសន៍បន្ថែមដល់ការងារទាំងនោះ ឱ្យកាន់តែល្អប្រសើរ។
ល។ សូមបញ្ជាក់ថា ការងារចុះតាមការដ្ឋានជួសជុលប្រាសាទនៅពេលនេះ មានរយៈពេលប្រមាណមួយសប្ដាហ៍ ដែលចាប់ផ្តើមពីថ្ងៃទី៩ រហូតដល់ថ្ងៃទី១៧ ខែមិថុនា។ នេះជាការងារដែលក្រុមអ្នកជំនាញការអាដហុក តែងធ្វើមុននឹងមានកិច្ចប្រជុំធំរបស់គណៈកម្មាធិការអន្ដរជាតិអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក ដែលធ្វើឡើងរយៈពេលពីរដងក្នុងមួយឆ្នាំ។
កិច្ចប្រជុំបច្ចេកទេសលើកទី៤០ របស់គណៈកម្មាធិការនេះ គ្រោងធ្វើនៅថ្ងៃទី១៩-២០ ខែមិថុនា ខាងមុខនាសណ្ឋាគារសូហ្វីតែល អង្គរ ភូគីត្រា៕