លោក ទូច សុឃៈ បានបញ្ជាក់ថា ក្រៅពីទទួលបានការបង្រៀនថ្នាក់អក្ខរកម្ម និងភាសា អគ្គនាយកដ្ឋានពន្ធនាគារ ក៏មានកម្មវិធីអប់រំណែនាំជាប្រចាំអំពីបទបញ្ជាផ្ទៃក្នុងពន្ធនាគារ សីលធម៌សង្គម បញ្ហាគ្រឿងញៀន ការធ្វើលំហាត់ប្រាណ និងរៀបចំកម្មវិធីអប់រំតាមបែបសាសនា និងសិល្បៈផងដែរ។ បើតាមអ្នកនាំពាក្យដដែល នៅក្នុងខែឧសភាដូចគ្នា មានជនជាប់ឃុំ ៥.៩៥៩នាក់ ក៏ទទួលបានការបណ្ដុះបណ្ដាលវិជ្ជាជីវៈ មុខរបរ និងការអនុវត្តសាកល្បងមុខជំនាញអាចប្រកបអាជីពងាយៗ ដូចជា កាត់ដេរ សំអាងការ ការងារសំណង់ ជំនាញប្រើប្រាស់ និងជួសជុលកុំព្យូទ័រ ឧបករណ៍អេឡិចត្រូនិក បរិក្ខារត្រជាក់ និងគ្រឿងយន្ត។ មានជនជាប់ឃុំ២៩៧នាក់ ទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា។
អ្នកនាំពាក្យ បានបន្តថា តាមរយៈការអនុវត្តកម្មវិធីប្រឡងប្រណាំងកែប្រែខ្លួនទណ្ឌិតក្នុងខែឧសភានេះ មានទណ្ឌិត ២៩៦នាក់ ស្រី២៨នាក់ត្រូវបានបន្ធូរបន្ថយទោសដោយទទួលបានព្រះរាជក្រឹត្យត្រាស់បង្គាប់ ក្នុងឱកាសនៃពិធីបុណ្យពិសាបូជា ដោយ មានទណ្ឌិត៦៥នាក់ ស្រី១នាក់ ត្រូវបានដោះលែង។
មកទល់ពេលនេះ អ្នកទាំងនោះពុំមានប្រព្រឹត្តបទល្មើសជាថ្មីនោះទេ។
លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃប្រតិភាព របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដាក់ចេញគោលនយោបាយបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងនោះក៏ផ្ដោតលើជនជាប់ឃុំដែរ។
ក្នុងន័យនេះ លោក អគ្គនាយក បានគូសបញ្ជាក់ថា ក្រសួងមហាផ្ទៃ និងក្រសួងការងារបណ្ដុះបណ្ដាល វិជ្ជាជីវៈ បាននិងកំពុងធ្វើការជាមួយគ្នា តម្រង់ទិស និងពង្រឹងបន្ថែមទៀតនូវ កម្មវិធីបណ្ដុះបណ្ដាលឱ្យចំគោលដៅ ដល់ជនជាប់ឃុំ ដើម្បីធានាថាពួកគេនឹងមានអាជីពមួយច្បាស់លាស់ សម្រាប់យកទៅប្រកបរចិញ្ចឹមជីវិតក្រោយចេញពីពន្ធនាគារ ហើយជាលទ្ធផលជនជាប់ឃុំដែលទទួលបានការបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងចំណេះដឹងផ្សេងៗមានការកើនឡើងគួរឱ្យកត់សម្គាល់។
យោងតាមប្រកាស ស្តីពីការកំណត់គោលដៅឃុំឃាំងជនជាប់ឃុំសម្រាប់មណ្ឌលកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត ចេញដោយក្រសួងមហាផ្ទៃ ឆ្នាំ២០២២ ប្រការ៣ មណ្ឌលអប់រំកែប្រែ មានមុខងារគ្រប់គ្រងជនជាប់ឃុំជាទណ្ឌិត ក្នុងគោលដៅអនុវត្តកម្មវិធីអប់រំកែប្រែបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តារនីតិសប្បទា និងកម្មវិធីសមាហរណកម្ម៕