លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានឱ្យដឹងនៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះថា ចាប់តាំងពីថ្ងៃប៉ះទង្កិចរវាងកងទ័ពកម្ពុជា និង កងទ័ពថៃ ដែលបានកើតឡើងក្នុងមូលដ្ឋានស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រសួងព័ត៌មានបានតាមដានយ៉ាងជាប់លាប់រាល់ការផ្សព្វផ្សាយដោយ សារព័ត៌មានជាតិអន្តរជាតិ ការផ្សាយ និងចែកចាយព័ត៌មានផ្សេងៗលើបណ្តាញសង្គមទាំងក្នុង និងក្រៅស្រុក។ សម្រាប់ជាការបូកសរុបមួយ មកទល់ពេលនេះការគ្រប់គ្រងព័ត៌មាន ការផ្សាយព័ត៌មានស្តីពីប្រធានបទព្រំដែនកម្ពុជា-ថៃនេះ ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ-ឯកជនក្នុងប្រទេសកម្ពុជា ជារួម បានប្រព្រឹត្តទៅដោយក្រមសីលធម៌ និងតាមនិយាមវិជ្ជាជីវៈសារព័ត៌មាន និងដោយមិនបង្កហានិភ័យដល់សន្តិសុខជាតិ។
ក្នុងន័យនេះ លោកបានសូមអរគុណដល់សារព័ត៌មានទាំងអស់ ក៏ដូចជាពលរដ្ឋ ជាពិសេសអ្នកតាមដានលើបណ្តាញសង្គម ដែលបានអនុវត្តតាមការអំពាវនាវរបស់ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងការអំពាវនាវរបស់អ្នកនាំពាក្យក្រសួងព័ត៌មានជុំវិញការផ្សាយ និងទទួលព័ត៌មាន ដោយត្រូវទទួល ឬស្រង់យកព័ត៌មានពីប្រភពផ្លូវការរបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នដែលបំពេញតួនាទីក្នុងការងារព្រំដែន ការងារសន្តិសុខជាតិ មានក្រសួងការពារជាតិ ក្រសួងការបរទេស ក្រសួងព័ត៌មាន និងសមត្ថកិច្ចជំនាញក្នុងសាច់រឿង សម្រាប់ការតាមដាន និងផ្សព្វផ្សាយព័ត៌មាន ស្តីពីប្រធានព្រំដែននេះ។
ទោះជាយ៉ាងណាក៏ដោយ មានការផ្សាយដោយសារព័ត៌មានមួយចំនួនតូច ដែលនៅពុំទាន់អនុវត្តតួនាទីខ្លួនបានត្រឹមត្រូវនៅឡើយ ហើយជាការដើរខុសគន្លងនៃច្បាប់ស្តីពីរបបសារព័ត៌មាន និងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា។ ក្នុងចំណោមព័ត៌មានក្លែងក្លាយចំនួន ជាង៩០ករណី ភាគច្រើនប្រភពពីបណ្តាញសង្គម ដែលក្រសួងព័ត៌មានបានកត់ត្រា ចាប់ពីដើមខែមិថុនា រហូតមកទល់ពេលនេះ មានប្រមាណ ៥០ករណី ជាការផ្សាយបែបញុះញង់ បំពុលសង្គម រាប់បញ្ចូលទាំងខ្លឹមសារបែបលេងសើច បំភ្លៃ ប្រមាថ ប៉ះពាល់ដល់ស្មារតី និងទឹកចិត្តរបស់កងកំលាំងសមត្ថកិច្ចដែលកំពុងអនុវត្តការងារតាមបណ្តោយព្រំដែន។
ហើយក្នុងចំណោមហ្នឹងក៏មានករណីផ្សាយរបស់សារព័ត៌មាន ដែលផ្ទុយនឹងស្មារតីច្បាប់របបសារព័ត៌មាន និងខុសក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានផងដែរ ដែលការផ្សាយបានធ្វើឱ្យមានការភាន់ច្រឡំក្នុងសាធារណមតិហើយមូលហេតុចម្បងគឺដោយសារការផ្សាយនោះបានយោងប្រភពពីក្រៅប្រទេស ដែលពុំមែនជាប្រភពផ្លូវការឡើយ។
លោកបានបញ្ជាក់ថា សម្រាប់ជាវិធានការគ្រប់គ្រងស្ថានភាពទាំងនេះ ក្រសួងព័ត៌មានបានអនុវត្តកិច្ចការចាំបាច់មួយចំនួន៖ ១) តាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ដែលជាសំឡេងជាតិ ផ្តល់បច្ចុប្បន្នភាពស្តីពីការវិវត្តនានាជុំវិញប្រធានបទព្រំដែន ជាពិសេសយន្តការ និងវិធានការបែបយុទ្ធសាស្ត្រ ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ ២) ជំរុញការផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ឯកជន ឱ្យទាន់ពេលវេលា នូវរាល់សេចក្តីថ្លែងការណ៍ សេចក្តីប្រកាសព័ត៌មាន របស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នសមត្ថកិច្ច ក្នុងគោលបំណងធានាការទទួលព័ត៌មានពិត សុក្រិត សម្រាប់ពលរដ្ឋ ៣) បានសហការជាមួយក្រសួង ស្ថាប័ន សមត្ថកិច្ចជំនាញក្នុងវិស័យ ក្នុងការផ្តល់របាយការណ៍ស្តីពីករណីព័ត៌មានក្លែងក្លាយ ដើម្បីសម្របសម្រួលការបំភ្លឺព័ត៌មាន ចេញសេចក្តីប្រកាសព័ត៌មាន ដើម្បីឆ្លើយតបទាន់ពេលវេលា ៤) សម្រាប់ការផ្សាយមាតិកាព័ត៌មានក្លែងក្លាយលើបណ្តាញសង្គម ដែលភាគច្រើនមានប្រភពនោក្រៅប្រទេស ក្រសួងបានសហការជាមួយក្រសួងពាក់ព័ន្ធ ដើម្បីសហការជាមួយក្រុមហ៊ុនMeta ឬ TikTok ជាដើម ដើម្បីឱ្យក្រុមហ៊ុនblock ឬលុបមាតិកា ដែលមាតិកាទាំងនោះក៏បំពាននឹងនិយាមប្រតិបត្តិនៃការប្រើប្រាស់បណ្តាញសង្គម Community Standardផងដែរ ៥) ក្រសួងព័ត៌មាននឹងមានរៀបចំការតម្រង់ទិសលើក្រមសីលធម៌វិជ្ជាជីវៈ និងនិយាមប្រតិបត្តិសារព័ត៌មាន ដល់អង្គភាពនិង សមាគមសារព័ត៌មាន ព្រមទាំងអ្នកបង្កើតមាតិកាលើបណ្តាញសង្គមនៅកម្ពុជា ដើម្បីធានាប្រសិទ្ធការផ្សាយព័ត៌មានដោយក្រមសីលធម៌ រួមចំណែកផ្តល់ព័ត៌មានពិត លើកកម្ពស់ឧត្តមប្រយោជន៍ជាតិ ការពារអធិបតេយ្យជាតិ បូរណភាពទឹកដី និងរក្សាសុខដុមនីយកម្មជាតិសាសន៍។