ការថ្លែងដូច្នោះ គ្រាដែលលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) និងលោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង គ្រុប នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងស្ថាប័នទាំងពីរ នៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។
ក្នុងឱកាសនៃកិច្ចសហប្រតិបត្តិការនេះ លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានមានប្រសាសន៍ថា ដើម្បីជាការគោរពដឹងគុណចំពោះម្លប់សន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ និងដើម្បីសម្រេចបាននូវបេសកកម្មរួមគ្នាក្នុងការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា គណៈគ្រប់គ្រងក្រុមហ៊ុន ជីប ម៉ុង នឹងបន្តផ្តល់កិច្ចឧបត្ថម្ភគាំទ្រដល់សមាគម អ.ម.ត តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងស្ថាប័នទាំងពីរ ដូចដែលក្រុមហ៊ុន បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងបណ្តាស្ថាប័ននានា លើគ្រប់វិស័យ នាពេលកន្លងមក។
ជាការឆ្លើយតប លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានសមាគម អ.ម.ត បានថ្លែងអរគុណចំពោះ ក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលបាន និងកំពុងផ្តល់កិច្ចឧបត្ថម្ភគាំទ្រដល់សមាគម អ.ម.ត ចាប់តាំងពីឆ្នាំ២០១៥ រហូតដល់បច្ចុប្បន្ន ហើយខណៈនេះបន្តឧបត្ថម្ភជាទឹកប្រាក់ចំនួន ១ លានដុល្លារអាម៉េរិក បន្ថែមសម្រាប់ឆ្នាំ ២០២៤-២០២៨ ។
លោកជំទាវបណ្ឌិត បានសង្កត់ផងដែរថា វិស័យឯកជនពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដែលបានកំណត់យក “មនុស្ស” ជាអាទិភាពគន្លឹះទី១ សំដៅដល់ការកសាងមូលធនមនុស្សរឹងមាំ សម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដែលជាភាពចាំបាច់មួយដែលមិនអាចខ្វះបាន។
សូមបញ្ជាក់បន្ថែមផងដែរថា សមាគមសិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ត្រូវបានបង្កើតឡើងក្រោមគំនិតផ្ដួចផ្ដើម និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលមានបេសកកម្មក្នុងការផ្ដល់ឱកាសអាហារូបករណ៍ដល់សិស្ស-និស្សិតក្រីក្រនៅកម្ពុជាដែលពុំមានលទ្ធភាពគ្រប់គ្រាន់ដើម្បីបន្តការសិក្សានៅគ្រប់កម្រិត និងឱកាសក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គមកម្ពុជា ៕