|
សម្ដេចតេជោ និងលោក ស៊ី ជីនពីង ពង្រឹងនូវកិច្ចសហការទ្វេភាគីរវាងកម្ពុជានិងចិនទាំងវិស័យ ការពារជាតិ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគ
ថ្ងៃទី ៖ 27-06-2026, ដោយ Dara007 , 48 Views
ភ្នំពេញៈ សម្ដេចតេជោ និងលោក ស៊ី ជីនពីង ពង្រឹងនូវកិច្ចសហការទ្វេភាគីរវាងកម្ពុជានិងចិនទាំងវិស័យ ការពារជាតិ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគ ដើម្បីលើកកម្ពស់នៃទំហំពាណិជ្ជកម្មឬទំនាក់ទំនងគ្នាឱ្យកាន់តែមានការរីកចម្រើនកើនឡើងបន្ថែមទៀត។
ប្រាប់អ្នកសារព័ត៌មានក្រោយ ក្នុងឱកាសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ធ្វើដំណើរមកដល់ប្រទេសកម្ពុជាវិញហើយ ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបានអញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយលទ្ធផលជោគជ័យយ៉ាងត្រចះត្រចង់ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ នេះ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា ក្នុងជំនួបពិភាក្សាការងាររវាងសម្ដេចតេជោ ហ៊ុន សែន និងលោក ស៊ី ជីនពីង (Xi Jinping) អគ្គលេខាធិការ នៃគណបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បានជជែកគ្នាពីការពង្រឹងនូវកិច្ចសហការទ្វេភាគីរវាងកម្ពុជា និងចិន មានទាំងវិស័យការពារជាតិ ដែលជាចំណុចសំខាន់មួយដែលភាគីទាំងពីរត្រូវពង្រឹងបន្ថែម។
បន្ថែមពីលើនោះគឺជាចំណុចស្នូលនៃទំនាក់ទំនងប្រទេសទាំងពីរ គឺពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគ ។ សំឡេង«ភាគីទាំងពីរ ក៏បានជំរុញបន្ថែមទៀតឱ្យកម្ពុជានិងចិនអនុវត្តជំរុញការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលភាគីទាំងពីរមានជាមួយគ្នានេះឱ្យកាន់តែសកម្ម ក្នុងគោលដៅដើម្បីលើកកម្ពស់នៃទំហំពាណិជ្ជកម្មឬទំនាក់ទំនងគ្នាផ្នែកសេដ្ឋកិច្ចរវាងប្រទេសទាំងពីរឱ្យកាន់តែមានការរីកចម្រើនកើនឡើងបន្ថែមទៀត។»
នៅក្នុងរយៈពេលមួយឆ្នាំនៅឆ្នាំ២០២៥កន្លងទៅ ទំហំពាណិជ្ជកម្មកម្ពុជានិងចិនបានកើនឡើងដល់១៩ពាន់លានដុល្លារអាមេរិក ដែលនេះជាទិន្នន័យបង្ហាញយ៉ាងខ្ពស់នៃកិច្ចប្រតិបត្តិការរវាងមិត្តភាពដែកថែប ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ សហគមន៍វាសនារួមកម្ពុជាចិនគ្រប់រដូវកាលក្នុងយុគ្គសម័យថ្មី៕
|