យោងតាមរបាយការណ៍ស្តីពីករណីឃាតកម្ម(រឹតបំពង់កសម្លាប់)នៅក្នុងផ្ទះសំណាក់ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង១៧និង៣០នាទី កម្លាំងនគរបាលយុត្តិធម៌ និងកម្លាំងនគរបាលពិនិត្យវិភាគកន្លែងកើតហេតុ នៃអធិការដ្ឋាននគរបាលស្រុកបាទី បានទទួលសេចក្តីរាយការណ៍ពីលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលចំបក់ថាមានករណីមនុស្សស្លាប់នៅក្នុងផ្ទះសំណាក់យីហោ ផន សំណាង បន្ទប់លេខ០៩ស្ថិតក្នុងភូមិរុន ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវដោយពុំទាន់ស្គាល់អត្តសញ្ញាណ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍កម្លាំងជំនាញទាំង០២បានចុះទៅដល់កន្លែងកើតហេតុសហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ធ្វើការបង្កើតគណៈកម្មាការពិនិត្យវាយតម្លៃសាកសព និងស្រាវជ្រាវអត្តសញ្ញាណជនរងគ្រោះ បានធ្វើការសនិដ្ឋានរបស់កម្លាំងជំនាញជនរងគ្រោះពិតជាបានស្លាប់ដោយសារការរឹតបំពង់កដោយដែកទំពក់ស្មារហាលខោអាវពិតប្រាកដមែន ។
ដោយមានបញ្ជាពីលោកស្រី អ៊ុំ រ័ត្ននា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញបានប្រគល់សាកសពជូនទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីទំនៀមទំនៀមទំលាប់ ។
កម្លាំងនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកបាទី បានបើកការស៊ើបអង្កេតស្រាវជ្រាវស្វែងរកកំណត់អត្តសញ្ញាណជនសង្ស័យធ្វើសកម្មភាពក្នុងករណីខាងលើជាលទ្ធផលយើងបានស្រាវជ្រាវដឹងថាជនសង្ស័យដែលធ្វើសកម្មភាពខាងលើមានឈ្មោះ ហេង ហន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតភូមិក្ប៉ម ឃុំក្តាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ មានទីលំនៅបច្ចុប្បន្នភូមិយុថ្កា ឃុំដូង ស្រុកបាទី ខេត្តតាកែវ(ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន) ដោយជនសង្ស័យនិងជនរងគ្រោះមានទំនាក់ទំនងជាអតីតសង្សារនឹងគ្នាហើយជនរងគ្រោះក៏មានសង្សារម្នាក់ទៀតផងដែរឈ្មោះ វ៉ាន់ ចាន់ថា ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិចុងកោះខាងកើត ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល ដោយនៅក្នុងថ្ងៃកើតហេតុគឺជនសង្ស័យឈ្មោះ ហេង ហន បានមកស្នាក់នៅបន្ទប់ផ្ទះសំណាក់ជាមួយជនរងគ្រោះហើយក៏បានធ្វើសកម្មភាពយកដែកទំពក់ស្មារខោអាវរឹកបំពង់ជនរងគ្រោះបណ្តាលឱ្យដាច់ខ្យល់ស្លាប់ភ្លាមៗនឹងកន្លែងកើតហេតុតែម្តង ក្រោយពេលធ្វើសកម្មភាពជនសង្ស័យបានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ទៅ ។
ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ , សម្របសម្រួលនីតិវិធីពីលោកស្រី អ៊ុំ រ័ត្ននា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តតាកែវ និងដឹកនាំបញ្ជាផ្ទាល់ពី លោក ហ៊ិន សុខខេង ស្នងការរងទទួលផែនព្រហ្មទណ្ឌខេត្តតាកែវ និងលោកវរសេនីយ៍ទោ មូល សារ៉ាត់ អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាទី រហូតដល់ថ្ងៃទី២៦ ខែឆ្នាំដដែល វេលាម៉ោង១២និង០០នាទី កម្លាំងនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស បានធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ហេង ហន ភេទប្រុស អាយុ៤០ឆ្នាំ និងដកហូតវត្ថុតាងនៅចំណុចភូមិក្ប៉ម ឃុំក្តាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ យកមកអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី ៕