ប្រាប់អ្នកសារព័ត៌មានក្រោយ ក្នុងឱកាសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ធ្វើដំណើរមកដល់ប្រទេសកម្ពុជាវិញហើយ ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបានអញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយលទ្ធផលជោគជ័យយ៉ាងត្រចះត្រចង់ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ នេះ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន ឆ្លៀតចូលក្រាបថ្វាយបង្គំគាល់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរផងដែរ។
លោក បានបញ្ជាក់ថា នៅថ្ងៃទី០៣ ខែកក្កដា សប្ដាហ៍ក្រោយនេះ ព្រះករុណា ជីវិតជាម្ចាស់ តម្កល់លើត្បូង និងសម្ដេចម៉ែ នឹងយាងធ្វើមាតុភូមិនិវត្តន៍ មកកាន់ប្រទេសកម្ពុជាវិញ។ ទន្ទឹមនឹងនេះ លោកគូសបញ្ជាក់ថា ព្រះសុខភាពរបស់ព្រះករុណា ស្ថិតក្រោមការតាមដានយ៉ាងយកចិត្ដទុកដាក់ បើទោះបីសម្ដេចតេជោ នៅប្រទេសកម្ពុជា ក៏ប៉ុន្ដែសម្ដេចតេជោ និងសម្ដេចបវរធិបតី គឺយកចិត្ដទុកដាក់ខ្ពស់ ចំពោះព្រះសុខភាព របស់ព្រះករុណា តាំងពីដើមរៀងមក។
កាលពីដើមខែមេសា ឆ្នាំ២០២៦កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញទៅទីក្រុងប៉េកាំង ប្រទេសចិន ដោយផ្ទាល់ ដើម្បីកំដរព្រះករុណា ក្នុងពេលសម្រាកព្យាបាល ព្រះរោគរបស់ព្រះអង្គ។ លោក ជា ធីរិទ្ធ បានគូសបញ្ជាក់ថា «មកដល់ពេលនេះ ក្នុងពេលដែលសម្ដេចតេជោ ហ៊ុន សែន បានទៅគាល់ព្រះករុណា គឺស្ថានភាពនៃសុខភាពរបស់ព្រះករុណា ដែលជាដំណឹងដ៏រីករាយ សម្រាប់ប្រជារាស្ដ្ររបស់ព្រះអង្គ គឺព្រះរាជសុខភាពរបស់ព្រះអង្គ មកដល់ពេលនេះ វិលមករកប្រក្រតីវិញ ល្អប្រសើរឡើងវិញ»។
សូមបញ្ជាក់ថា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងទៅពិនិត្យព្រះរាជសុខភាព នៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦។ ព្រះមហាក្សត្រ និងសម្ដេចព្រះវររាជមាតា តែងតែយាងទៅពិនិត្យព្រះរាជសុខភាព នៅប្រទេសចិន២ដង ក្នុងមួយឆ្នាំ តាមការយាងរបស់ក្រុមគ្រូពេទ្យចិន៕