ក្នុងកិច្ចប្រជុំពិនិត្យ ដោះស្រាយ និងពន្លឿនលំហូរឯកសារវិស័យដីធ្លី ក្នុងភូមិសាស្ត្រខេត្តកណ្តាល ដើម្បីដោះស្រាយការរាំងស្ទះទាំងឡាយ ដែលធ្វើឱ្យមានភាព យឺតយ៉ាវដល់លំហូរឯកសារដីធ្លីរបស់ប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានជំរុញដល់អង្គភាពច្រកចេញចូលតែមួយខេត្ត សាខាពន្ធដារខេត្ត មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ត្រូវសហាការគ្នាធ្វើយ៉ាងណាឱ្យលំហូរឯកសារបានយ៉ាងល្អប្រសើរ ត្រូវចាត់ទុក បញ្ហារបស់ប្រជាពលរដ្ឋ ជាបញ្ហារបស់ខ្លួនដែលត្រូវតែដោះស្រាយឱ្យខានតែបាន ក្នុងស្មារតី រួបរួមសហការគ្នា ប្រកបដោយភាពប្រទាក់ក្រឡា និងស៊ីសង្វាក់ ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» សំដៅធ្វើយ៉ាងណាឱ្យការផ្តល់សេវាវិស័យដីធ្លីក្នុង ខេត្តកណ្តាល ក្លាយជាគំរូនៃភាពជោគជ័យ។
លោក គង់ វិបុល បានមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និង ប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា បានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្រោមបាវចនា “កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព” និងអាទិភាពគន្លឹះ៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” ព្រមទាំងបន្តជំរុញការអនុវត្តគោលនយោបាយ កំណែទម្រង់នានា ជាពិសេសការកែទម្រង់រដ្ឋបាលសាធារណៈ ក្នុងគោលដៅលើកកម្ពស់ គុណភាព តម្លាភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ស្រប តាមអភិក្រម «ការបម្រើសេវាសាធារណៈល្អ ប្រជាជនស្រឡាញ់»។
មានប្រសាសន៍ក្នុងកិច្ចប្រជុំ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានលើកឡើងថា៖ ខេត្តកណ្តាល គឺជាខេត្តដែលមានសក្តានុពល សេដ្ឋកិច្ចខ្ពស់ ប្រជាពលរដ្ឋច្រើន និងមានភូមិសាស្ត្រព័ទ្ធជុំវិញរាជធានីភ្នំពេញ ដែលធ្វើ ឱ្យចរន្តនៃការអភិវឌ្ឍ ការវិនិយោគ និងជាពិសេសការទិញ-លក់ ផ្ទេរកម្មសិទ្ធិ ក៏ដូចជា ការស្នើសុំសេវាចុះបញ្ជីដីធ្លី តែងតែមានបរិមាណច្រើន និងមានភាពមមាញឹកយ៉ាងសកម្ម ជាប្រចាំ។ ភាពមមាញឹកនេះបានឆ្លុះបញ្ចាំងពីកំណើនសេដ្ឋកិច្ច ប៉ុន្តែទន្ទឹមគ្នានេះ វាក៏ បានបង្កើតនូវសម្ពាធ និងបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងភាពរាំងស្ទះ និងការយឺត យ៉ាវនៃលំហូរឯកសារ រវាងអង្គភាពអនុវត្ត មានជាអាទិ៍អង្គភាពច្រកចេញចូលតែមួយខេត្ត សាខាពន្ធដារខេត្ត មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និង ការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល នៃរដ្ឋបាលក្រុង-ស្រុក។
លោក អភិបាលខេត្តកណ្ដាល បន្តថា៖ កិច្ចប្រជុំនេះ គឺរៀបចំឡើង ដើម្បីពិនិត្យស្ថានភាពជាក់ស្តែង រកឱ្យឃើញនូវចំណុចខ្វះខាត ចំណុចរាំងស្ទះ និងមូលហេតុដែលធ្វើឱ្យឯកសារដីធ្លីរបស់ប្រជាពលរដ្ឋមានភាពយឺតយ៉ាវ។ ដោះស្រាយបញ្ហាប្រឈម ដោយស្វែងរកយន្តការរួមមួយ រវាងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងសាខាពន្ធដារខេត្ត ព្រមទាំង ការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល នៃរដ្ឋបាលក្រុង-ស្រុក ដើម្បីកាត់បន្ថយនីតិវិធីស្មុគស្មាញដែលមិនចាំបាច់ និងពន្លឿនលំហូរឯកសារ ដោយដាក់ចេញនូវវិធានការមុតស្រួច និងយន្តការច្បាស់លាស់ ដើម្បីធានាថាឯកសារនីមួយៗហូរស្របតាមកាលបរិច្ឆេទកំណត់ និងមិនមានការកកស្ទះនៅមន្ត្រីណាម្នាក់ឡើយ។
ក្នុងឱកាសនោះដែរ លោក អភិបាលខេត្តកណ្ដាល បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានយកចិត្តទុកដាក់ ជំរុញការផ្តល់សេវាជូនប្រជាពលរដ្ឋ ជាពិសេសក្នុងកិច្ចខិតខំប្រឹងប្រែងចុះបញ្ជីដីធ្លីមាន លក្ខណៈជាប្រព័ន្ធ ដែលសម្រេចបានលទ្ធផលគួរជាទីមោទនៈ ក្នុងការចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋបានរហូតដល់ ២,០០០ បណ្ណជាង ក្នុងមួយថ្ងៃ។
គិតមកដល់បច្ចុប្បន្ន ខេត្តកណ្ដាលបានធ្វើការចែកសរុបចំនួន ៤៩៧,៧០១ បណ្ណ ក្នុង១២២ ឃុំ-សង្កាត់ ហើយនាពេលដ៏ខ្លីខាងមុខនេះ ខេត្តកណ្ដាលនឹងឈានទៅធ្វើការចែកបណ្ណបញ្ចប់ ទូទាំងខេត្ត នៅស្រុកខ្សាច់កណ្តាល នាពេលខាងមុខ ដែលនេះគឺជាសមិទ្ធផល ដ៏ធំធេងដែលកើតចេញពីស្មារតីទទួលខុសត្រូវ និងកិច្ចខិតខំសហការគ្នា របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ទាំងអស់៕