|
គម្រោងវិនិយោគមានទុនវិនិយោគ ១១០លានដុល្លារគ្រោងបោះទីតាំងនៅខេត្ដចំនួន៧
ថ្ងៃទី ៖ 24-06-2026, ដោយ Dara007 , 9 Views
ភ្នំពេញៈ គម្រោងវិនិយោគមានទុនវិនិយោគ ១១០លានដុល្លារគ្រោងបោះទីតាំងនៅខេត្ដចំនួន៧ រួមមានខេត្តកំពង់ធំ ក្រចេះ កណ្តាល កំពង់ស្ពឺ កំពត ស្វាយរៀង និងកំពង់ឆ្នាំង។
ថ្លែងក្នុងកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលខេត្តពាក់ព័ន្ធ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានឱ្យដឹងថា គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ១១០លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ៤.៥០០កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន៦គម្រោង រួមមាន៖ អាជីវកម្មរ៉ែមាស និងសាងសង់រោងចក្រកែច្នៃ, រោងចក្រផលិតផលិតផលធ្វើពីប្លាស្ទិក (កាបូបក្លាសេ, ធុងក្លាសេ, ធុងទឹក, ធុងដាក់សម្ភារៈ, ប្រដាប់ប្រដារក្មេងលេង និងសម្ភារៈបន្ទាប់បន្សំ), រោងចក្រផ្គុំដំឡើងម៉ូតូ និងម៉ូតូកង់បី, រោងចក្រផលិតម្សៅម្នាងសិលា និងបន្ទះម្នាងសិលា, រោងចក្រផលិតក្តារបន្ទះ និងគ្រឿងសង្ហារិមគ្រប់ប្រភេទ និងរោងចក្រផលិតឱសថ និងវិស័យកសិកម្ម-កសិឧស្សាហកម្មចំនួន១គម្រោង៖ កសិដ្ឋានចិញ្ចឹមត្រី គ្រំ និងសាងសង់រោងចក្រកែច្នៃគុជខ្យង-ត្រី។
គម្រោងវិនិយោគទាំង៧ដូចបានរៀបរាប់ខាងលើនេះ បានបោះទីតាំងនៅខេត្តកំពង់ធំ ក្រចេះ កណ្តាល កំពង់ស្ពឺ កំពត ស្វាយរៀង និងកំពង់ឆ្នាំង៕
|