ដើម្បីកុំឱ្យតម្លៃនៃភស្តុតាងប្រវត្តិសាស្ត្រនេះ រលុបបាត់ទៅតាមពេលវេលា អាជ្ញាធរជាតិអប្សរាបាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបើកទំព័រប្រវត្តិសាស្ត្រនេះ បង្ហាត់បង្រៀន និងផ្ទេរចំណេះដឹងផ្នែកសិលាចារឹក ដល់យុវជនខ្មែរជំនាន់ក្រោយនៅក្នុងខេត្តសៀមរាបជាបន្តបន្ទាប់។ សកម្មភាពនេះ ធ្វើឡើងក្នុងគោលបំណងឱ្យយុវជនបានស្គាល់ និងយល់ដឹងកាន់តែច្បាស់អំពីប្រវត្តិសាស្ត្រ និងអក្សរសាស្ត្រខ្មែរបុរាណ ដែលជាឫសគល់នៃទឹកដីមាតុភូមិយើង។
ជាក់ស្ដែងកាលពីពេលថ្មីៗនេះ អាជ្ញាធរជាតិអប្សរាបានរៀបចំវគ្គបណ្តុះបណ្តាលស្ដីអំពី «ការអប់រំបេតិកភណ្ឌ» ដោយសហការណ៍ជាមួយអង្គការម៌តកវប្បធម៌ខ្មែរ (KHO) ដើម្បីផ្សព្វផ្សាយ និងបណ្តុះស្មារតីយុវជនឱ្យចេះស្រឡាញ់ជាតិ និងចូលរួមការពារមត៌កវប្បធម៌។ នៅក្នុងកម្មវិធីនោះ លោកគ្រូបង្គោល វង្ស សាវុទ្ធី និងជាអ្នកជំនាញផ្នែកអក្សរចារឹកនៃអាជ្ញាធរជាតិអប្សរា បានធ្វើបទបង្ហាញស្តីពី «អក្សរចារឹក នៅប្រាសាទព្រះគោ» ជូនដល់សិស្សានុសិស្សមកពីវិទ្យាល័យហ៊ុនសែន ប្រាសាទបាគង ចំនួន៥០នាក់ ដើម្បីសិក្សាស្វែងយល់ពីសារសំខាន់នៃសិលាចារឹក។
ការបង្រៀនឱ្យស្គាល់ពីសិលាចារឹក បានចាប់ផ្តើមឡើងតាមរយៈវិធីសាស្ត្រសិក្សាយ៉ាងរស់រវើក ផ្ដើមកំណើតចេញពីតួអក្សរនៅលើមេទ្វារ ឬទ្វារបញ្ជោត នៃប្រាសាទព្រះគោ ដោយផ្អែកលើមូលដ្ឋានគ្រឹះសំខាន់ៗចំនួន៤ គឺ៖ ទី១ «ស្វែងយល់ពីឫសគល់» ដោយបង្ហាញអំពីប្រវត្តិអក្ខរក្រម ដើម្បីឱ្យសិស្សបានយល់ដឹងពីប្រភពដើម និងការវិវត្តនៃអក្សរខ្មែរ។ ទី២ «ការអនុវត្តសរសេរផ្ទាល់ដៃ» ដោយណែនាំសិស្សឱ្យសាកល្បងសរសេរព្យញ្ជនៈខ្មែរបុរាណ ដើម្បីឱ្យពួកគេស្គាល់ពីលំនាំ និងក្បាច់ក្នុងការគូសវាសតួអក្សរ។ ទី៣ «ការចុះដកពិសោធន៍ដល់ទីតាំងពិត» ដោយនាំសិស្សានុសិស្សចុះទៅអានផ្ទាល់នៅប្រាសាទព្រះគោ ដើម្បីឱ្យឃើញផ្ទាំងសិលាចារឹកពិតប្រាកដ និងរបៀបដែលបុព្វបុរសខ្មែរបានឆ្លាក់ចារទុកអក្សរនៅលើផ្ទាំងថ្ម។ និងទី៤ «ការអាន និងការប្រែសម្រួល» ដោយជ្រើសរើសឃ្លាខ្លីៗពីសិលាចារឹកសម័យបុរាណ មកធ្វើការប្រៀបធៀបជាមួយអក្សរ ឬភាសាខ្មែរសម័យទំនើប ដើម្បីឱ្យប្អូនៗងាយយល់ន័យ។ លោក វង្ស សាវុទ្ធី បានឱ្យដឹងថា គោលគំនិតចម្បងរបស់អាជ្ញាធរជាតិអប្សរា គឺចង់ឱ្យសិស្សានុសិស្សទាំងអស់បានរៀនមើលនឹងភ្នែក កត់ចំណាំនូវអក្សរខ្មែរបុរាណខ្លះ រួចហើយយកមកប្រៀបធៀបជាមួយអក្សរសម័យបច្ចុប្បន្ន។
ការបណ្ដុះបណ្ដាលនេះ នឹងក្លាយជាគ្រឹះដ៏រឹងមាំ និងជាទុនដំបូងសម្រាប់ជួយជំរុញទឹកចិត្តដល់សិស្សានុសិស្សណាដែលមានចំណាប់អារម្មណ៍ ចង់បន្តការសិក្សាលើជំនាញសិលាចារឹកនេះនៅថ្នាក់ឧត្តមសិក្សានាពេលអនាគត។
ជាចុងក្រោយ វគ្គបណ្តុះបណ្តាលនេះ បានបំផុសសារដាស់តឿនមួយថា យុវជនខ្មែរជំនាន់ថ្មី គឺជាអ្នកបន្តវេនដ៏មានថាមពលក្នុងការការពារ ស្រឡាញ់ និងអភិរក្សមត៌កវប្បធម៌ដ៏ឧត្តុង្គឧត្តមនេះ។ ការរួមគ្នាសិក្សាស្វែងយល់ និងថែរក្សាសិលាចារឹក គឺជាកាតព្វកិច្ចដ៏វិសេសវិសាលក្នុងការរក្សាការពារព្រលឹង និងអត្តសញ្ញាណជាតិខ្មែរឱ្យគង់វង្សស្ថិតស្ថេរជានិរន្តរ៍តទៅ៕