|
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមសម្ពោធបើកចូលទស្សនាជាសាធារណៈ «សារមន្ទីរព្រះវិហារអដ្ឋរស្ស» នៅរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ (ភ្នំឧដ្តុង្គ)
ថ្ងៃទី ៖ 29-06-2026, ដោយ Dara007 , 63 Views
កណ្ដាលៈ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីភាពចូលរួមសម្ពោធបើកចូលទស្សនាជាសាធារណៈ «សារមន្ទីរព្រះវិហារអដ្ឋរស្ស» នៅរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ (ភ្នំឧដ្តុង្គ) ស្ថិតក្នុងភូមិជ័យឧត្តម ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល នា ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦។
ព្រះវិហារនេះត្រូវបានសាងសង់ឡើងដំបូងនៅស.វទី១៧ ក្នុងសម័យឧដ្ដុង្គ ដោយសង់លើគ្រឹះប្រាសាទចាស់ នាស.វទី១១ សម័យអង្គរ ក្នុងរចនាបថឃ្លាំង។ ព្រះវិហារ ដ៏ធំស្កឹមស្កៃនេះ មានបណ្តោយប្រវែង ៣៩.២ម៉េត្រ ទទឹង ២២.៣ម៉ែត្រ និងកម្ពស់ ២៣.៦ម៉ែត្រ ឯនៅខាងក្នុងព្រះវិហារ មានតម្កល់ព្រះពុទ្ធរូបមួយអង្គធំកម្ពស់ ១៨ហត្ថ (១៦.៧៩ម៉ែត្ររាប់ទាំងកម្ពស់បល្ល័ង្គ) ដែលមានន័យថា អដ្ឋរស្ស ទើបព្រះវិហារត្រូវបានហៅថា ព្រះវិហារអដ្ឋរស្ស។
តាមរយៈសង្គ្រាមជាច្រើនទសវត្សរ៍ ព្រះវិហារអដ្ឋរស្សបានរងការខូចខាត ហើយក៏ត្រូវបានជួសជុលជាច្រើនហូរហែរ រហូតដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្រគល់គម្រោងជួសជុលកែលម្អស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទើបព្រះវិហារត្រូវបានជួសជុលរួចរាល់ទាំងស្រុងនៅថ្ងៃនេះ ជាចំណែកចូលរួមថែរក្សា ការពារ ក៏ដូចជាផ្សព្វផ្សាយមរតកវប្បធម៌ និងអរិយធម៌ ដោយប្រែក្លាយព្រះវិហារទៅជាសារមន្ទីរដែលមានតាំងបង្ហាញនូវប្រតិមាព្រះពុទ្ធ ទេពប្រណម្យ និងវត្ថុសាសនាផ្សេងៗ ដែលមានប្រភពមកពីចេតិយព្រះបាទអង្គអេង និងព្រះបាទអង្គសត្ថា រួមទាំងវត្ថុបុរាណនានាកាលពីសម័យឧដ្តុង្គផងដែរ៕
|