ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និសីទលើកទី១ ស្ដីពី « អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ » នៅសាលយុត្តិតេជោ បញ្ជាការដ្ឋានកងទ័ពជើងគោក នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជាថ្លែងថា ល្បែងផលបូកស្មើរសូន្យ គឺត្រូវបានបញ្ចប់ដោយសាលក្រមតុលាការកូនកាត់ ហើយបានទទួលស្គាល់ដល់កម្រិតក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ ដើម្បីថ្កោលទោសចំពោះខ្មែរក្រហមផង និងថ្កោលទោសអ្នកវាយខ្មែរក្រហមផង ។
សម្ដេចតេជោបានបញ្ជាក់ថា ការថ្កោលទោសនេះ គឺជាល្បែងនយោបាយ ដើម្បីបិទបាំងជាមួយនឹងទិដ្ឋភាពប្រវត្ដិសាស្រ្ដនៅកម្ពុជាដែរឬទេ ។ដូច្នេះ សម្ដេចតេជោបាន ស្នើរដល់អ្នកច្បាប់ទាំងអស់សិក្សាបង្កើតច្បាប់ដាក់ទោស ជនណាដែលថាកម្ពុជាគ្មានរបបប្រល័យពូជសាសន៍។
សម្តេចតេជោបានបញ្ជាក់ថា នេះមិនមែនជាការសង្កត់លើការបញ្ចេញមតិនោះឡើយ ប៉ុន្តែរាល់ការបញ្ចេញមតិ ដែលមានចរិតគាំពារបបប្រល័យពូជសាសន៍គួរតែត្រូវមានទោស។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្ដេចត្រូវរងចាំអស់រយៈពេល៤៣ ឆ្នាំ ទើបរកយុត្តិធម៌ជូនដល់ពលរដ្ឋខ្មែរដែលស្លាប់ និងរងគ្រោះព្រោះរបបប្រល័យពូជសាសន៍នេះ៕