ភ្ញៀវទេសចរជាងមួយលាននាក់ មកលេងកម្សាន្ត ក្នុងឱកាសចូលឆ្នាំថ្មីនៅខេត្តសៀមរាប
ថ្ងៃទី ៖ 17-04-2024, ដោយ Dara007 , 128 Views
សៀមរាបៈ រយៈពេល០៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នៅលើទឹកដីប្រវត្តិសាស្ត្រនៃខេត្តសៀមរាប មានភ្ញៀវទេសចរយ៉ាងច្រើនមកពីគ្រប់មជ្ឈដ្ឋានក្នុងព្រះរាជាណាចក្រកម្ពុជា បានចូលរួមអបអរសាទរ និងកម្សាន្តសប្បាយក្នុង ព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត នៅខេត្តសៀមរាប។
ការប្រារព្ធប្រតិបត្តិនូវប្រពៃណីទំនៀមទម្លាប់ដូនតា និងបង្កើនភាពសប្បាយរីករាយរបស់បងប្អូនភ្ញៀវទេសចរជាតិ អន្តរជាតិ និងបានសិក្សាស្វែងយល់ អំពីការបង្ហាញនូវវប្បធម៌ប្រពៃណី និង ល្បែងប្រជាប្រិយខ្មែរផងនោះធ្វើឱ្យទេសចរយ៉ាងច្រើនកុះករបានធ្វើដំណើរកម្សាន្តនៅក្នុងខេត្តសៀមរាប ក្នុងឱកាសព្រឹត្តិការណ៍សង្រ្កាន្ត។
ជាក់ស្តែងតាមរបាយការរបស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានដឹងថា ក្នុងរយៈពេល០៤ថ្ងៃ កន្លងមកនេះ ចាប់ពីថ្ងៃទី១៣ ដល់ទី១៦ មេសា ឆ្នាំ២០២៤ភ្ញៀវទេសចរជាតិ អន្តរជាតិចូលមកកាន់ខេត្តសៀមរាប មានចំនួនប្រមាណ១,២៣៩,៨០៨នាក់ ដែលបានធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារ ទៅទស្សនាតំបន់ប្រាសាទ រមណីយដ្ឋានវប្បធម៌ ធម្មជាតិ ប្រវត្តិសាស្ត្រ និង សហគមន៍ទេសចរណ៍-អេកូទេសចរណ៍ និងតំបន់ផ្សេងៗទៀតផងនៅក្នុងក្រុងសៀមរាបជាដើម ។
|