ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» នៅ សណ្ឋាគារសុខារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា សម្ដេចមិនចូលចិត្តឆ្លើយឆ្លងជាមួយក្រុមប្រឆាំងជ្រុលនិយមនៅក្រៅស្រុកនោះទេ ប៉ុន្ដែមូលហេតុដែលសម្ដេចសម្រេចចិត្តឆ្លើយតប ពីព្រោះក្រុមជ្រុលនិយមដែលមានលោក អ៊ុ សំអាន បានចោទប្រកាន់មកលើរាជរដ្ឋាភិបាលថា បានកាត់ដីឱ្យថៃ ដែលរឿងនេះ គឺជារឿងធំ ហើយរាជរដ្ឋាភិបាលមិនអាចទទួលយកបាននោះទេ គឺត្រូវតែបំភ្លឺឱ្យបានច្បាស់។
សម្ដេចធិបតី បើកជំហរសុវត្ថិភាព និងចំណាយថវិកាបន្ថែមទៀត ដើម្បីឱ្យលោក អ៊ុ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ នាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ មកជជែកគ្នាជាមួយក្រុមការងារជំនាញព្រំដែនរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននៅកម្ពុជាដោយផ្ទាល់ ដើម្បីបង្ហាញអំណះអំណាងរបស់លោក ដែលបានចោទប្រកាន់រាជរដ្ឋាភិបាលថាបានកាត់ដីឲ្យថៃនៅកន្លែងនោះ។
សម្ដេចធិបតីគូសបញ្ជាក់ថា ក្រុមអង្កការចាត់តាំង មានចរិតនយោបាយនៅក្រៅស្រុក បានបំភ្លៃហើយបំភ្លៃទៀត ដើម្បីតែកេងចំណេញនយោបាយ សុខចិត្តវ៉ៃបំបែកបំបាក់ផ្ទៃក្នុងខ្លួនឯងឱ្យប្រជាជន មានមន្ទិលសង្ស័យ ឱ្យមានបញ្ហា ខណៈដែលរាជរដ្ឋាភិបាលកំពុងតែតាំងព្យាយាមដោះស្រាយបញ្ហាដោយទទួលខុសត្រូវ។សំឡេង«ផ្សព្វផ្សាយការមិនពិតវ៉ៃប្រហារដ្ឋាភិបាលរឿងព្រំដែន កេងចំណេញនយោបាយ គោលដៅធំមិនមែនលោកទេ អត់ពីលោកអ្នកណាក៏បានឱ្យចូលមកខ្ញុំស្វាគមន៍ ប៉ុន្ដែត្រូវតំណាងចលនារបស់លោក យើងចង់បានគោលដៅធំ គឺប្រជាពលរដ្ឋមានចិត្ដស្ងប់ ដោយការបោះបង្គោលព្រំដែនមានមិនមានការបាត់បង់ទេ គឺធ្វើតាមការត្រឹមត្រូវ ។យើងផ្ដល់ឱកាសឱ្យលោកចូលរួមតាមរូបមន្ដនេះ តើអាចចូលក្នុងនេះមានតម្លាភាពកម្រិតណាមួយ ដើម្បីឱ្យប្រជាពលរដ្ឋដេញដោលសួរ ហើយប្រសិនបើចាំបាច់យើងចុះទៅមើលព្រំដែនទាំងអស់គ្នា នៅចន្លោះបង្គោលសីមាលេខ ៥២ និង៥៩។ អ៊ីចឹងសូមអញ្ជើញចូលមកនិយាយគ្នារឿងនេះ ហើយផ្ដល់ការការពាររបស់លោកនៅតែបរិបថនេះ ហើយខ្វះលុយ ខ្វះកន្លែងស្នាក់នៅ ធ្វើដំណើរ ខ្ញុំចេញឱ្យ សន្ដិសុខខ្ញុំធានាដោយយកឈ្មោះខ្ញុំធានា»។
សម្ដេចធិបតីបន្ថែមថា រាជរដ្ឋាភិបាលមិនត្រឹមតែព្រួយបារម្ភប៉ុណ្ណោះទេ ប៉ុន្ដែនឹងទទួលខុសត្រូវចំពោះមុខ ដោះស្រាយឱ្យបានចប់ ការពារឱ្យបាន ការពារជីវិត ការពារទឹកដីឱ្យបាន ចំពោះមុខប្រជាជន និងប្រវត្ដសាស្រ្ដផងដែរ។
ជាមួយគ្នានេះ សម្តេចមធិបតី បានអំពាវនាវដល់ខ្មែរគ្រប់និន្នាការទាំងក្នុង និងក្រៅប្រទេស រក្សាភាពស្ងៀមស្ងាត់ ដើម្បីទុកឱកាសឱ្យរាជរដ្ឋាភិបាល ដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ៕