|
៩ខែ ជនជាប់ឃុំជាង៨ពាន់នាក់ ទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងមុខរបរ
ថ្ងៃទី ៖ 21-10-2026, ដោយ Dara007 , 16 Views
ភ្នំពេញៈ អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃបានឱ្យដឹងថា ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៦នេះ អគ្គនាយកដ្ឋានពន្ធនាគារបានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងមុខរបរ ដល់ជនជាប់ឃុំសរុបចំនួន ៨.១៤៩នាក់ ដើម្បីផ្តល់បំណិនជីវិតការងារ ក្រោយពេលទទួលបានសេរីភាពឡើងវិញ ។
របាយការណ៍បន្តថា ក្នុងចំណោមជនជាប់ឃុំទាំងជាង៨ពាន់នាក់នេះ មានជនជាប់ឃុំចំនួន២៦២នាក់ ទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាជាផ្លូវការ។
របាយការណ៍អគ្គនាយកដ្ឋានពន្ធនាគារឱ្យដឹងទៀតថា ក្នុងចំណោមជនជាប់ឃុំជាង៨ពាន់នាក់ដែលទទួលបានការបណ្ដុះបណ្ដាលនោះ រួមមាន ៖ ការអនុវត្តសាកល្បងជំនាញ និងមុខរបរជាក់ស្តែងមានចំនួន ៤.៥២១នាក់ ការបណ្តុះបណ្តាលដោយអង្គភាពផ្ទាល់មាន១.២០៩នាក់ និងការបណ្តុះបណ្តាលក្រោមកិច្ចសហការជាមួយមជ្ឈមណ្ឌល ព្រមទាំងអង្គការដៃគូនានាចំនួន២.៤១៩នាក់។ ជំនាញសំខាន់ៗដែលអគ្គនាយកដ្ឋានពន្ធនាគារ បានបណ្ដុះបណ្ដាល រួមមាន ៖ ជំនាញកាត់ដេរ សម្អាងការ ការងារសំណង់ ការប្រើប្រាស់ និងជួសជុលកុំព្យូទ័រ ឧបករណ៍អេឡិចត្រូនិច បរិក្ខារត្រជាក់ និងគ្រឿងយន្តជាដើម។
ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋានពន្ធនាគារក៏បានពង្រឹងការរៀបចំ និងអភិវឌ្ឍន៍ឧស្សាហកម្មខ្នាតតូច សិប្បកម្ម កសិកម្ម និងជំនាញសំណង់ក្នុងពន្ធនាគារ ដោយផ្អែកលើសក្តានុពលនៅតាមពន្ធនាគារនីមួយៗ ព្រមទាំងស្វែងរកប្រភពធនធាន និងដៃគូវិនិយោគបន្ថែម។ សូមបញ្ជាក់ថា បច្ចុប្បន្ន នៅទូទាំងប្រទេសមានជនជាប់ឃុំប្រមាណជាង៧២០០០នាក់ និងមានពន្ធនាគារចំនួន២៥ ព្រមទាំងមណ្ឌលអប់រំកែប្រែចំនួន៤ ៕
|