លោក ភួយ សាវឿត នាយកស្តីទី សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរបានឱ្យដឹងថា រូបបដិមាព្រះលោកេសូរ និងបំណែក ជារូបព្រះបាទ មានរូបចម្លាក់ព្រះពុទ្ធអមិតាភ: នៅលើម្រាមជើង និងកជើង និងព្រះហស្ត ដែលមានកាន់កេតនភណ្ឌផ្សេងៗ ត្រូវបានអ្នកជំនាញធ្វើការជួសជុល និងសម្អាតកំណកដីឬស្លែចេញ បន្ទាប់មកបានរៀបចំជាពិព័រណ៍ រយៈពេល៦ខែ គឺចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦។
លោកថា គោលបំណងសំខាន់នៃការតាំងបង្ហាញនេះ ដើម្បីចូលរួមចំណែកក្នុងការផ្សព្វផ្សាយពីរបកគំហើញថ្មីៗ នៃការងារស្រាវជ្រាវក្នុងតំបន់អង្គរ ដែលជាកិច្ចសហប្រតិបត្តិការអន្តរជាតិ រវាងអាជ្ញាធរជាតិអប្សរា ជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) និងជាការផ្សព្វផ្សាយទៅកាន់សាធារណជន ភ្ញៀវទេសចរ សិស្ស និស្សិតឱ្យបានទៅទស្សនា សិក្សាស្វែងយល់ពីការងារអភិរក្ស ប្រវត្តិសាស្ត្រ ជំនឿសាសនា សិល្បៈនៃគ្រឿងលម្អ និងលក្ខណៈសម្គាល់របស់បដិមាក្នុងសង្គមខ្មែរសម័យបុរាណ។
អ្នកជំនាញនៃសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរបញ្ជាក់ថា សាធារណជននឹងបានស្វែងយល់បន្ថែម អំពីការគោរពប្រតិបត្តិព្រះពុទ្ធសាសនាមហាយាន ក្នុងសម័យអង្គរ និងការគោរពប្រតិបត្តិព្រះពុទ្ធសាសនាថេរវាទ។
ជាក់ស្តែងព្រះលោកេសូរ ឬព្រះអវលោកិតេស្វរៈ ជាព្រះពោធិសត្វនៃសេចក្តីមេត្តាករុណាគ្មានព្រំដែន និងជាព្រះពោធិសត្វ ដែលគេនិយមគោរពបំផុតនៅក្នុងព្រះពុទ្ធសាសនាមហាយាន ដែលជាសាសនាដ៏ខ្ពង់ខ្ពស់បំផុតរបស់ខ្មែរ ក្នុងរាជព្រះបាទជ័យវម៌្មទី៧ នាសតវត្សរ៍ទី១២ និងទី១៣៕