ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីប្រកាសជាផ្លូវការដាក់ឲ្យអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រកម្មវិធីកំណែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជំរុញគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។
ក្នុងស្មារតីនេះ សម្តេចបវរធិបតី បានបញ្ជាក់ថា គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវសហការចាប់ផ្តើម រៀបចំនីតិវិធីដាក់ឱ្យដំណើរការគណៈកម្មការជំនាញទាំង៤ វិស័យ ជាមួយក្រុមការងារកែទម្រង់ច្បាប់នៃក្រសួងស្ថាប័ន ប្រកបដោយភាពប្រទាក់ក្រឡាគ្នា ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ព្រមទាំងរៀបចំផែនការសកម្មភាពចូលរួមអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ច្បាប់ របស់រាជរដ្ឋាភិបាល ឱ្យសម្រេចជាលទ្ធផលជាក់ស្ដែងស្របតាមសូចនាករសមិទ្ធកម្មគន្លឹះ ដែលបានកំណត់តាមជំហានយុទ្ធសាស្ត្រទាំង៤ រួមមានយុទ្ធសាស្ត្រគន្លឹះទី១ ដឹកនាំ និងសម្របសម្រួលចងក្រង និងផ្សព្វផ្សាយច្បាប់និងលិខិតបទដ្ឋានគតិយុត្ត យុទ្ធសាស្រ្តគន្លឹះទី២ ដឹកនាំ និងសម្របសម្រួលរៀបចំ ក្របខ័ណ្ឌតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត យុទ្ធសាស្រ្តគន្លឹះទី៣ ដឹកនាំនិងសម្របសម្រួលពិនិត្យ និងវាយតម្លៃគុណភាព និងប្រសិទ្ធភាពនៃការតាក់តែងនិងការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្ត និងយុទ្ធសាស្ត្រគន្លឹះទី៤ ដឹកនាំនិងសម្របសម្រួលរៀបចំក្របខ័ណ្ឌដោះស្រាយវិវាទគតិយុត្ត និង ការពារនីត្យានុកូលភាព។
ផ្អែកលើការគាំទ្រ និងការចូលរួមអនុវត្តដោយសកម្ម និងប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងតួអង្គពាក់ព័ន្ធទាំងអស់ សម្តេចមហាបវរធិបតី សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា កម្ពុជានឹង បោះជំហានទៅមុខប្រកបដោយភាពស្វាហាប់ ដើម្បីសម្រេចបាននូវការកសាងនិម្មាបនកម្មនៃប្រព័ន្ធច្បាប់ និងវប្បធម៌នីតិរដ្ឋ ដោយផ្អែកលើគុណតម្លៃប្រវត្តិសាស្ត្រកម្ពុជានិងគុណតម្លៃសាកល ដើម្បីធានាស្ថិរភាពនិង ចីរភាពនៃការកសាងរដ្ឋមួយដែលរឹងមាំ ឯករាជ្យ អធិបតេយ្យ ប្រជាធិបតេយ្យសេរីពហុបក្ស គោរពសិទ្ធិ សេរីភាពនិងសេចក្តីថ្លៃថ្នូររបស់មនុស្ស សមធម៌ និងយុត្តិធម៌ក្នុងសង្គម វប្បធម៌ថ្កុំថ្កើងរុងរឿង និងប្រព័ន្ធ សេដ្ឋកិច្ចទីផ្សារជឿនលឿន សុខុមាលភាពប្រជាពលរដ្ឋ នាយុគសម័យបច្ចេកវិទ្យាទំនើប៕