នេះជាការបើកផ្លូវ អនុញ្ញាតឱ្យមានការរៀបចំក្របខណ្ឌច្បាប់ សម្រាប់ការដកសញ្ជាតិខ្មែរ ចំពោះពលរដ្ឋខ្មែរណា ដែលបានប្រព្រឹត្តអំពើក្បត់ជាតិ ឬការធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍កម្ពុជា និងប្រជាពលរដ្ឋខ្មែរដោយឃុបឃិត ជាមួយបរទេស។ សមាជិក សមាជិការដ្ឋសភា ដែលមានអាសនៈក្នុងរដ្ឋសភាមកពីគណបក្សចម្រុះ យល់ថា ការធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាការពារនិងលើកកម្ពស់ផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋ ទប់ស្កាត់ និងប្រឆំាងរាល់សកម្មភាពក្បត់ជាតិដោយបុគ្គលណា ដែលបានឃុបឃិតជាមួយបរទេសហើយមកបំផ្លាញជាតិ និងបំផ្លាញពលរដ្ឋខ្លួនឯង។
លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានលើកឡើងថា ការរៀបចំក្របខ័ណ្ឌច្បាប់ដើម្បីដកសញ្ជាតិខ្មែរពីប្រជាពលរដ្ឋខ្មែរណាដែលគុបគិត ជាមួយបរទេសបំផ្លាញផលប្រយោជន៍ខ្មែរ នឹងក្លាយជាឧបករណ៍គតិយុត្តដ៏សំខាន់របស់រដ្ឋ ក្នុងការប្រឆាំងនឹងអ្នកមានគំនិតចង់ក្បត់ជាតិ។
លោកបន្តថា ការរៀបចំច្បាប់នេះ ក៏ដើម្បីបន្សុទ្ធទឹកចិត្តស្នេហាជាតិរបស់ប្រជាពលរដ្ឋខ្មែរចំពោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ពោលគឺការលើកកម្ពស់ឧត្តមគតិជាតិ មនសិការស្នេហាជាតិ និងគោលជំហរស្មោះត្រង់ឥតងាករេ របស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ចំពោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជារបស់ខ្លួន នៅគ្រប់កាលៈទេសៈទាំងអស់។
សូមបញ្ជាក់ថា នៅបណ្ដាប្រទេសចំនួនប្រមាណ១៥០នៅលើពិភពលោក ទំាងនៅអាស៊ី និងអឺរ៉ុប មានច្បាប់ដកសញ្ជាតិ។ ប្រទេសដែលមានច្បាប់ដកសញ្ជាតិមានដូចជា បារាំង អាមេរិក អង់គ្លេស អាល្លឺម៉ង់ អូស្ត្រាលី អ៊ីតាលី ប៊ែលហ្ស៊ិក ឥណ្ឌា កូរ៉េខាងត្បូង និងសិង្ហបុរី ជាដើម សុទ្ធតែមានច្បាប់កំណត់អំពីការដកសញ្ជាតិពីពលរដ្ឋរបស់ខ្លួន ជាពិសេស ក្នុងករណីអំពើធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍របស់ជាតិ ឬអំពើធ្វើឱ្យប៉ះពាល់ដល់វិស័យសន្តិសុខជាតិ៕