សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យ និងព្យាបាលជំងឺ ទូទៅ និងសុខភាពមាត់ធ្មេញ ជូនសិស្សានុសិស្សជិត២០០០នាក់ មកពីសាលាបឋមសិក្សាចំនួន៣ នៃស្រុកបន្ទាយស្រី មានសាលាបឋមសិក្សាព្រះដាក់ សាលាបឋមសិក្សា ស្រះស្រង់ និងសាលាបឋមសិក្សាតាប៉ាង ដែលពិធីនេះធ្វើឡើងនៅបរិវេណសាលាបឋមសិក្សាព្រះដាក់ ភូមិព្រះដាក់ ឃុំព្រដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃទី៣១ ខែ ឧសភា ឆ្នាំ ២០២៥ លោក ស៊ឹម ស៊ូយេង អនុប្រធានប្រតិបត្តិសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ បានឱ្យដឹងថា ក្រុមគ្រូពេទ្យ TYDA ដឹកនាំដោយលោកបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាង១០ឆ្នាំមកហើយ ប្រកបដោយក្តីស្រឡាញ់យកចិត្តទុកដាក់ដ៏ជ្រាលជ្រៅចំពោះការព្យាបាលដល់ប្រជាពលរដ្ឋទូទៅនៅទូទាំងប្រទេស ជាក់ស្តែងថ្ងៃនេះ ក្រោមការចង្អុលបង្ហាញរបស់លោកជំទាវបណ្ឌិត លោកបានដឹកនាំគ្រូពេទ្យជាង៣០០នាក់ ចុះមកព្យាបាលជំងឺទូទៅ ជាពិសេសសុខភាពមាត់ធ្មេញ ជូនលោក អ្នកគ្រូនិងសិស្សានុសិស្សនៅទីនេះ ដោយមិនមានការគិតថ្លៃអ្វីទាំងអស់ ប្រកបដោយក្តីស្រឡាញ់ និងស្នាមញញឹម ក្នុងន័យជម្រុញលើកកម្ពស់សុខភាពសហគមអោយកាន់តែប្រសើរ។
លោកបណ្ឌិត ពេជ សោភ័ន ទេសរដ្ឋមន្ត្រីទទួលបន្ទុក បេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ «គ វ អ» តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សូមកោតសសើរចំពោះក្រុមគ្រូពេទ្យ TYDA ទាំងអស់ ដែលបានលះបង់កម្លាំងចិត្តខិតខំចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋអស់រយះពេលជាងច្រើនឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មិនថាព្យុះភ្លៀង រងាក្តៅណាទេ គឺដើម្បីសុខមាលភាពប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះដែរលោក បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានបង្កើតគណៈកម្មាធិការជាតិ ដើម្បីជម្រុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ (គ.វ.អ.) ហើយគណៈកម្មាធិការជាតិនេះ មានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រធាន។
លោលបណ្ឌិតទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា នៅក្នុង ការអនុវត្តការងារ លេខាធិការដ្ឋាននេះ ដើរតួនាទីជាសេនាធិការ របស់ គ.វ.អ ក្នុងគោលបំណងជួយគាំទ្រដល់ការ លើកកម្ពស់ ការអប់រំតាមរយៈ ការពង្រឹងអភិបាលកិច្ចសាលារៀន, ការពិនិ ត្យកែលម្អកម្មវិធីសិក្សា និងរៀបចំកម្មវិធីសិក្សា និងសកម្មភាព ក្រៅម៉ោងសិក្សាឲ្យស្របតាមតម្រូវការក្នុងពង្រឹងចំណេះដឹង វិន័យ សីលធម៍ និងឥរិយាបថសិស្ស, ការយកចិត្តទុកដាក់ លើសុខភាពសិស្សតាមរយៈកម្មវិធីអាហារូបត្ថម្ភ ដល់កុមារ និង ការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និង ការជំរុញនិងលើកទឹកចិត្ត ការចូលរួមរបស់មាតាបិតា អា ណាព្យាបាល និងសហគមន៍ក្នុងការអប់រំ ។ រចនាសម្ព័ន្ឋលេខា ធិការដ្ឋាន គ.វ.អ រួមមានផ្នែកចំណុះចំនួន ០៤ ៖ ផ្នែកគោល នយោបាយ, ផ្នែកគាំទ្រសាលារៀន, ផ្នែកតាមដាន ត្រួតពិនិត្យ និង វាយតម្លៃ, និង ផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និងទំនាក់ទំនង សាធារណៈ ។
លោកគ្រូអ្នកគ្រូដែលជាគណៈគ្រប់គ្រងសាលារៀនទាំងបីខាងលើសូមគោរពថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ TYDA ដែលមានលោកជំទាវបណ្ឌិត ពេជ ចន្នមុន្នី ជាប្រធាន បានចាត់ឱ្យក្រុុមគ្រូពេទ្យជំនាញ ចុះមកព្យាបាលជំងឺជូនសិស្សានុសិស្សរបស់ពួកគាត់ ដល់សាលារៀន ក្នុងការរួមចំណែកលើកកម្ពស់សុខភាពសហគមជាពិសេសកុមា ដែលជាទំពាំងស្នងឫស្សី នេះជាការលើកឡើងរបស់ពួកគាត់។
សូមជម្រាបថាសកម្មភាពពិនិត្យ និងព្យាបាលជំងឺទូទៅ និងសុខភាពមាត់ធ្មេញជូន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅសាលាទាំង៣ខាងលើនេះ សរុបចំនួន ១៧៤៩នាក់ ស្មើរនឹង ៣២៨៤ករណី និងបញ្ជូលទៅព្យាបាលបន្តនៅភ្នំពេញមានចំនួន១៣ករណី ក្រោមជំនួយឧបត្ថមទាំងស្រុងពីសម្តេចធិបតី ហ៊ុន ណែត និងលោកជំទាវបណ្ឌិតផ្ទាល់៕