ក្មេងកំព្រាជាងបីរយនាក់ទទួលអំណោយពីសប្បុរសជននិងក្រុមការងារ គណបក្សប្រជាជនកម្ពុជា
ថ្ងៃទី ៖ 10-04-2025, ដោយ admin , 172 Views
ភ្នំពេញ : ក្មេងកំព្រានៃមណ្ឌលសង្គ្រោះជនអស់សង្ឃឹមជាង៣០០នាក់ ស្ថិតក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥នេះ បានទទួលអំណោយពីសប្បុរសជន និងលោកស្រី សៀង ផាន់នី ជាអនុប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយ ឃុំរលាំងកែន និងជាប្រធានក្រុមការងារចុះជួយភូមិរលាំងកែន ស្រុកណ្តាលស្ទឹង ខេត្តកណា្តល។
អំណោយសប្បុរសធម៌ ដែលមានគ្រឿងឧបភោគ បរិភោគរួមទាំងថវិកាផងនេះ គឺដើម្បីជាការលើក ទឹកចិត្តដល់កុមារកំព្រានៅក្នុងមណ្ឌលសង្រ្គោះជនអស់សង្ឈឹម និងក៏ដើម្បីអបអរសាទរឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរផងដែរ។
លោក ឆាត់ ថុន នាយកអង្គការសង្រ្គោះជនអស់សង្ឃឹមបានឱ្យដឹងថា «ក្មេងៗដែលមកស្នាក់នៅទីនេះ ខ្លះជាកុមារតូច ខ្លះទៀតជាទារកទើបនឹងកើត សុទ្ធតែមានប្រវត្តិដ៏កម្សត់ ក៏ប៉ុន្តែជីវិតរបស់ពួកគេ គឺសុទ្ធតែមានសារៈសំខាន់ក្នុងការចូលរួមចំណែក ដើម្បីសង្គមជាតិកម្ពុជានៅថ្ងៃអនាគត។ ថ្ងៃនេះពួកគេបានទទួលភាពកក់ក្តៅម្តងទៀតពី លោកស្រី សៀង ផាន់នី និងក្រុមការងាររួមទាំងបងប្អូនសប្បុរសជនានា។ដូច្នេះលោកសូមថ្លែងអំណរគុណបំផុតចំពោះ លោកស្រី និងក្រុមការងារ ដែលបានជួយដល់កុមារនៃមណ្ឌលសង្រ្គោះ ជនអស់សង្ឈឹមនាពេលនេះ។
ថ្លែងនៅក្នុងពិធីសំណេះសំណាល និងចែកអំណោយនាពេលនោះលោកស្រី សៀង ផាន់នី បានផ្តាំផ្ញើដល់ក្មួយៗចៅៗទាំងអស់ ត្រូវចេះសាមគ្គីភាពគ្នា ស្រឡាញ់គ្នាដូចបងប្អូន ក្នុងគ្រួសារតែមួយ ក្រោមដំបូលរបស់អង្គការ និងត្រូវខិតខំរៀនសូត្រ ជាពិសេសត្រូវធ្វើជាពលរដ្ឋល្អ សិស្សល្អ កូនល្អ ចៀសឆ្ងាយពីគ្រឿងញៀន ព្រោះកុមារមួយចំនួនក៏ធ្លាប់ឃើញឪពុកម្ដាយ និងក្រុមគ្រួសារ ជួបផលអាក្រក់ដោយសារគ្រឿងញៀននេះហើយ ដូច្នេះសូមចៀសឱ្យផុត និងត្រូវអភិវឌ្ឍខ្លួនឱ្យទៅជាធនធានដ៏ល្អសម្រាប់ប្រទេសជាតិយើងជាដើម។ សូមបញ្ជាក់ថា មណ្ឌលសង្រ្គោះជនអស់សង្ឈឹម ត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន ឧបត្ថម្ភប្រចាំខែផងដែរដោយក្នុងនោះមានអង្ករមួយតោន ថវិកាបីលានរៀលជារៀងរាល់ខែ កាកបាតក្រហមកម្ពុជាឧបត្ថម្ភមួយឆ្នាំមួយដង ដោយមានថវិកាចំនួន៤០លានរៀល និងគ្រឿងឧបភោគ បរិភោគ រួម ទាំងមានការឧបត្ថម្ភពីសប្បុរសជននានាទាំងក្នុង និងក្រៅប្រទេសផងដែរ៕
|