ស្អែកនេះ ព្រឹទ្ធសភានឹងពិនិត្យចំពោះការបោះឆ្នោតជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ០១រូប
ថ្ងៃទី ៖ 05-09-2024, ដោយ Dara007 , 54 Views
ភ្នំពេញៈ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ព្រឹទ្ធសភា នឹងពិនិត្យចំពោះការបោះឆ្នោតជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ០១រូប ជំនួសសមាជិកឧត្តមក្រុមប្រឹក្សាអង្គចៅក្រម ដែលនឹងត្រូវបញ្ចប់អាណត្តិ ។
យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នាថ្ងៃព្រហស្បតិ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៤ នេះ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភានីតិកាលទី៥ បានរៀបចំកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប្រាក់ សុខុន ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ។
បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃសុក្រ ទី៦ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីបើកសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញនីតិកាលទី៥ ដោយមានរបៀបវារៈតែមួយគឺ ការបោះឆ្នោតជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ០១រូប ជំនួសសមាជិកឧត្តមក្រុមប្រឹក្សាអង្គចៅក្រម ដែលនឹងត្រូវបញ្ចប់អាណត្តិ៕
|