ក្នុងឱកាសដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលទានអាហារថ្ងៃត្រង់ការងារ កាលពីវេលាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងសេអ៊ូល លោក Kim Jin-pyo អតីតប្រធានសភានៃសាធារណរដ្ឋកូរ៉េបានលើកឡើងថា លោកចង់ឱ្យមានការហ្វឹកហ្វឺនធនធានមនុស្សរបស់កម្ពុជា ដែលអាចបំពេញការងារនៅសាធារណរដ្ឋកូរ៉េ ដើម្បីទទួលបានបទពិសោធ ហើយក្រោយពេលវិលត្រឡប់ទៅកម្ពុជាវិញ ពួកគេអាចយកនូវបច្ចេកវិទ្យាទំនើប ដើម្បីរួមចំណែកនៅក្នុងផ្នែកដំឡើងរថយន្តអគ្គិសនី និងផលិតសម្ភារៈសម្រាប់ផលិតរថយន្តដទៃទៀត។
លោកអតីតប្រធានសភាកូរ៉េ ក៏ដូចជាអគ្គនាយកក្រុមហ៊ុន Camko Motor និង Camko Infracore មានបំណងចាប់ផ្ដើមដំឡើងរថយន្តអគ្គិសនីនៅកម្ពុជានាពេលខាងមុខ ពីព្រោះ រថយន្តអគ្គិសនីនេះ កំពុងពេញនិយមប្រើប្រាស់ទូទាំងពិភពលោក ជាមួយនឹងការប្រើប្រាស់ មានការកើនឡើងជាលំដាប់។
លោកបានបញ្ជាក់ថា រថយន្តអគ្គិសនីដែលប្រើបច្ចេកវិទ្យាររបស់សាធារណរដ្ឋកូរ៉េ មានគុណភាពល្អ ជាពិសេស គុណភាពអាគុយ។ សម្ដេចតេជោប្រធានព្រឹទ្ធសភា បានធ្វើការកោតសរសើរ និងបានលើកឡើងថាពិភពលោកសព្វថ្ងៃងាកទៅរកការប្រើប្រាស់រថយន្តអគ្គិសនី ដែលនឹងរួមចំណែកក្នុងការការពារបរិស្ថាននិងអាកាសធាតុ។ ថ្វីត្បិតតែនៅកម្ពុជា ចលនានៃការប្រើប្រាស់រថយន្តអគ្គិសនី មិនខ្លាំង តែយើងសង្ឃឹមថា ទៅអនាគត ការប្រើប្រាស់រថយន្តអគ្គិសនីដែលមានបច្ចេកវិទ្យាទំនើប និងកាត់បន្ថយការចំណាយ ធៀបនឹងការប្រើប្រាស់ប្រេងឥន្ធនៈដែលមានតម្លៃខ្ពស់។
លោកប្រធានក្រុមហ៊ុន Camko Motor និង Camko Infracore បានជម្រាបជូនសម្ដេចថា ក្រុមហ៊ុនរបស់លោកសព្វថ្ងៃបានចាប់ផ្តើមដំណើរការនៅកម្ពុជា និងមានបំណងដំឡើងរថយន្តនៅកម្ពុជាសម្រាប់ការប្រើប្រាស់នៅក្នុងកម្ពុជាផង និងការនាំចេញទៅក្រៅប្រទេសផង។
សម្រាប់ដំណើរការរបស់ក្រុមហ៊ុននេះ លោកត្រូវការធនធានមនុស្ស ពិសេសគឺត្រូវការការបណ្ដុះបណ្ដាលជំនាញដល់ពួកគេ។
សម្ដេចតេជោ និងប្រធានក្រុមហ៊ុន Camko Motor ក៏ដូចជា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Korea Polytechnic ដែលមានវិទ្យាស្ថានប្រមាណ៤០ នៅកូរ៉េ បានស្នើនូវជម្រើសបណ្ដុះបណ្ដាលគ្រូជំនាញនៅប្រទេសកូរ៉េ ហើយពេលត្រឡប់មកកម្ពុជាវិញ គ្រូជំនាញទាំងនោះ អាចបង្រៀនពលករនៅកម្ពុជាតែម្ដង។
លោកប្រធានក្រុមហ៊ុន Camko Motor បានសន្យាជាមួយសម្ដេចតេជោថា លោកនឹងខិតខំធ្វើការឱ្យអស់លទ្ធភាពសម្រេចគម្រោងនេះឱ្យជោគជ័យ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
ជាមួយគ្នានេះដែរ លោកសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Korea Polytechnic មានគម្រោងនឹងបង្កើតវិទ្យាស្ថានពហុបច្ចេកទេសមួយនៅកម្ពុជា ដើម្បីហ្វឹកហ្វឺនពលករជំនាញនៅកម្ពុជា។ សាកលវិទ្យាល័យរបស់លោក បានរួមចំណែកជាប្រវត្តិសាស្រ្ត ដល់ការអភិវឌ្ឍរបស់សាធារណរដ្ឋកូរ៉េ។ បច្ចុប្បន្ននេះ សាធារណរដ្ឋកូរ៉េ ក៏មានសមត្ថភាពខ្ពស់ក្នុងការដំឡើងរថយន្តដែលមានបច្ចេកទេសខ្ពស់និងក៏មានធនធានមនុស្សល្អៗ។
លោកសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Korea Polytechnic ក៏បានជម្រាបជូនសម្ដេចផងដែរថាសាកលវិទ្យាល័យរបស់លោក មានសម្ភារៈគ្រប់គ្រាន់និងមានធនធានមនុស្សដែលអាចជួយបង្ហាត់បង្រៀនបំពេញតម្រូវការនៅកម្ពុជាបាន។ កិច្ចការដំបូង គឺត្រូវមានសាកលវិទ្យាល័យដើម្បីបំពាក់សម្ភារៈបច្ចេកទេសទាំងអស់នេះ សម្រាប់ដំណើរការ។
បន្ទាប់ពីពិភាក្សាថាត្រូវធ្វើអគារថ្មី ឬបើកដេប៉ាដឺម៉ង់ថ្មីសម្រាប់ការងារនេះ សម្ដេចតេជោប្រធានព្រឹទ្ធសភា ក៏បានណែនាំឱ្យធ្វើការជាមួយ លោក ជា វ៉ាន់ដេត ក៏ដូចជាក្រសួងការងារ និងក្រសួងអប់រំដើម្បីសិក្សាពីលទ្ធភាពហ្វឹកហ្វឺនដែលមានរយៈពេលខ្លី និងរយៈពេលវែង តាមការចាំបាច់ ដោយប្រើប្រាស់នូវសាកលវិទ្យាល័យដែលមានរួចហើយ ឬវិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់ក្រសួងការងារ។ ចំពោះកិច្ចការនេះ សម្ដេចបានប្រគល់ជូន ទៅលោក ជា វ៉ាន់ដេត បន្តធ្វើការជាមួយក្រសួងពាក់ព័ន្ធនៅកម្ពុជា ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្សដែលមានជំនាញខ្ពស់ និងដែលអាចបម្រើការងារទាំងនៅកម្ពុជា និងនៅសាធារណរដ្ឋកូរ៉េនាទីខាងមុខ។
លោកអតីតប្រធានសភា បានមានប្រសាសន៍ថាទៅអនាគត បើកម្ពុជាចង់អភិវឌ្ឍឱ្យបានលឿន គឺត្រូវតែប្រើបច្ចេកវិទ្យាទំនើប និងធនធានមនុស្ស ដែលមានជំនាញខ្ពស់។
សម្ដេចតេជោបានបន្ថែមថា បច្ចុប្បន្ននេះ សម្ដេច និងរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបង្កើតផែនការបណ្ដុះបណ្ដាលដល់យុវជនចំនួន ១លាន ៥សែននាក់ និង កំពុងអនុវត្តជាបណ្ដើរៗ និងស្នើឱ្យភាគីកូរ៉េ ពិនិត្យចូលរួមក្នុងផែនការបណ្តុះបណ្តាលនេះ។
ជំនួបអាហារការងារថ្ងៃត្រង់នេះបានបញ្ចប់ទៅក្នុងបរិយាកាសរីករាយស្និទ្ធស្នាល ក្នុងកិច្ចសហប្រតិបត្តិការគ្នាដើម្បីជំរុញការអភិវឌ្ឍប្រទេសកម្ពុជានៅពេលអនាគត ជាមួយនឹងបច្ចេកវិទ្យាទំនើប និងក្លាយជាទីផ្សារផលិតរថយន្តអគ្គិសនី ដើម្បីប្រើប្រាស់នៅក្នុងប្រទេសផង ក៏ដូចជាសម្រាប់ការនាំចេញទៅបណ្ដាប្រទេសនានាផងដែរ។
សូមបញ្ជាក់ថាកាលពីខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ ក្រុមហ៊ុន Camko Motor ក៏បានចូលជួបសម្ដែងការគួរសមជាមួយសម្ដេចធិបតីនាយករដ្ឋមន្ត្រី ក្នុងឱកាសពេលសម្តេចធិបតីបំពេញទស្សនកិច្ចហើយក៏បានទទួលការយល់ព្រមឯកភាពពី សម្ដេចធិបតី ឱ្យក្រុមហ៊ុននេះធ្វើការសិក្សា និងលើកទឹកចិត្តឱ្យមានការបង្កើតរោងចក្រផលិតរថយន្តអគ្គិសនីនៅកម្ពុជា ដែលនឹងផ្ដល់ឱកាសឱ្យកម្ពុជាជាទីផ្សារមួយ ដែលមិនត្រឹមតែអាចប្រើប្រាស់នៅក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងអាចនាំចេញទៅក្រៅប្រទេសថែមទៀត។ ក្រុមហ៊ុនCamko Motor ក៏មានបំណងពង្រីកសកម្មភាពផលិតរបស់ក្រុមហ៊ុន ឱ្យកាន់តែធំថែមទៀត៕