ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ, នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានអនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជុំវិញការរៀបចំមហាសន្និបាត ICAPPលើកទី១២ ដែលនឹងប្រព្រឹត្តទៅនាខែវិច្ឆិកាខាងមុខនេះ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា លោក Jung Eui-Yong ប្រធានអង្គការ ICAPP នៅទីក្រុងសេអ៊ូល បានសម្ដែងការអរគុណចំពោះ សម្តេចតេជោ ដែលបានគាំទ្រ ក្រុមការងាររបស់ ICAPPក្នុងការរៀបចំ មហាសន្និតបាត ICAPP លើកទី១២ នៅប្រទេសកម្ពុជា និង សូមអរគុណចំពោះ ការទទួលគណៈប្រតិភូ របស់ ICAPP នៅរាជធានីភ្នំពេញ យ៉ាងកក់ក្ដៅនាពេលកន្លងទៅនេះ។
លោកប្រធាន ICAPP និងសហការី កំពុងតែខិតខំរៀបចំធ្វើយ៉ាងណាឱ្យមហាសន្និបាត ICAPP លើកទី១២ បានប្រព្រឹត្តទៅដោយរលូននិងប្រកបដោយជោគជ័យ ដោយសារ មហាសន្និបាត ICAPP លើកទី១២ គឺ មានវិសាលភាពធំធេងជាងកិច្ចប្រជុំនៅពេលមុនៗ ដោយមានប្រទេសនានាជាច្រើន មកពីគណបក្សនយោបាយនានា អញ្ជើញមកចូលរួម ហើយគោលដៅនៃព្រឹត្តិការដ៏សំខាន់នេះ គឺស្វែងរកសុខសន្តិភាព ផ្សះផ្សាដោះស្រាយបញ្ហាផ្សេងៗ និងផ្ដល់នូវចំណេះដឹងទៅកាន់ពិភពលោកទាំងមូល ។
លោកប្រធាន ICAPP បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ នូវអនុសាសន៍ណែនាំ និងយោបល់ល្អៗ ហើយឯកឧត្តមប្រធានក៏បានសង្កត់ធ្ងន់ថា ស្ថានការណ៍ពិភពលោកនៅពេលបច្ចុប្បន្ននេះ ស្មុគស្មាញ និងពុំងាយស្រួលនោះទេ។
លោក នឹងយកពាក្យសម្ដី និងការណែនាំរបស់សម្ដេចតេជោ ជាគោល និងមានការប្រុងប្រយ័ត្ន ហើយបានឯកភាពរាល់ប្រសាសន៍ណែនាំរបស់សម្ដេចតេជោ ហើយប្ដេជ្ញាថានឹងខិតខំដើម្បីរៀបចំឱ្យមហាសន្និបាត ICAPP លើកទី១២ នៅភ្នំពេញ ប្រកបដោយជោគជ័យត្រចះត្រចង់ ដោយICAPP ប្រកាន់នៅជំហរកណ្ដាល បើកចំហដោយមិនប្រកាន់បក្សពួក ឬប្រទេសណានោះទេ ហើយមិនប្រកាន់ខ្ជាប់នូវមនោគមវិជ្ជាណានោះដែរ។
លោក បានបញ្ជាក់ថា គោលដៅនៃកិច្ចប្រជុំICAPP គឺធ្វើយ៉ាងណាខិតខំប្រឹងប្រែងដោះស្រាយ ដើម្បីសន្តិភាព រក្សាអ្វីដែលជាគោលដៅដើមរបស់ICAPP ហើយរីករាយ ដែលសម្ដេចតេជោ ធ្វើជាប្រធានកិត្តិយស ICAPP។
លោកបានមានប្រសាសន៍ថា លោកបានជួបជាមួយសម្ដេចធិបតី ពីរដងមកហើយ និងបានគិតថា ពិតជាមានសំណាងណាស់ ដែលសម្ដេចតេជោ បានដឹកនាំប្រទេសកម្ពុជាពីសង្គ្រាម ទៅរកសន្តិភាព និងការរីកចម្រើន ហើយបន្តទៅសម្ដេចធិបតីនាយករដ្ឋមន្ត្រី ដែលជាកូន ដឹកនាំបានល្អបន្តទៀត។
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះការរៀបចំសម្រាប់មហាសន្និបាត ICAPP លើកទី១២ នៅខែវិច្ឆិកាខាងមុខនេះ។
សម្តេចបានគូសបញ្ជាក់ថា ក្នុងរយៈពេលនៅមហាសន្និបាត ICAPP ទាំង១២ លើកនេះ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះចំនួន២លើក។ សម្ដេចក៏បានសម្ដែងការរីករាយផងដែរ ដោយដំណើរការរៀបចំបានប្រព្រឹត្តទៅរលូន ពុំមានឧបសគ្គអ្វីមករារាំងនោះទេ។
សម្ដេចតេជោ បានបញ្ជាក់ផងដែរថា ប្រធានសន្និសីទត្រូវបានប្រគល់ជូនទៅសម្ដេចធិបតី នាយករដ្ឋមន្ត្រី ដែលជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ហើយសម្ដេចតេជោផ្ទាល់ នឹងធ្វើជាប្រធានកិត្តិយស ។
ជាមួយគ្នានេះ សម្ដេចតេជោ ក៏បានណែនាំឱ្យឯកឧត្តមប្រធាន ICAPP និងក្រុមការងារយកចិត្តទុកដាក់ក្នុងការរៀបចំបែបបទ ពិសេស គឺសេចក្ដីថ្លែងការណ៍ ដែលត្រូវថ្លឹងថ្លែងពាក្យសំដី ឱ្យស្របតាមកាលៈទេសៈ និងទទួលយកបានទាំងអស់គ្នា៕