យោងតាមសារសម្លេងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ផ្ញើជូនលោក មុំ អស្សនី ដែលជេរប្រមាថសម្តេចនាពេលកន្លងមក នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ,ដោយសម្តេចតេជោ ប្រកាសស្វាគមន៍លោក និងក្រុមគ្រួសារមកលេងស្រុកកំណើត ដោយគ្មានសាលដីការ និងរឿងក្ដីណាមួយនៅក្នុងតុលាការនោះទេ ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសស្វាគមន៍ជានិច្ច ចំពោះ ការភ្ញាក់រលឹករបស់អ្នកទាំងឡាយណាដែលប្រឆាំងនឹងសម្ដេច ហើយបោះបង់ចោលនៃការឆាំង ដើម្បីចូលរួមក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា សម្រាប់ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើន។
ទន្ទឹមនឹង សម្ដេចតេជោ ប្រកាសមិនលើកលែងចំពោះមនុស្សម្នាក់ដែលមានឈ្មោះជាបុគ្គលក្បត់ជាតិ៣ជំនាន់ជាដាច់ខាត ដោយមិនស្វាគមន៍ និងមិនលើកលែងអស់មួយជីវិត ។
លោក មុំ អស្សនី បានបង្ហោះវីដេអូសុំទោសសម្ដេចតេជោ ហ៊ុន សែន ដោយទទួលស្គាល់កំហុសរបស់ខ្លួន ចំពោះការវាយប្រហាតាមរយៈព័ត៌មានខេមបូឌា ដេលី នៅក្រៅប្រទេស ។
លោកបញ្ជាក់ថា ការវាយប្រហាតាមរយៈព័ត៌មានខេមបូឌា ដេលីនេះ ដោយសារការអូសទាញញុះញ៉ុង របស់លោកអេង ឆៃអៀង និងលោក ឡុង រី ដើម្បីវាយប្រហារគណបក្សប្រជាជនកម្ពុជាក្នុងគោលបំណងផ្ដួលរំលំរាជារដ្ឋាភិបាល ដោយពួកគេធានាឱ្យលោក និងគ្រួសារអាចមកស្រុកកំណើតវិញផងដែរ។
លោក មុំ អស្សនីបានបន្ថែមថា ការទទួលស្គាល់កំហុសរបស់ខ្លួននេះ ដោយមើលឃើញពីការដឹកនាំប្រទេសរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា មានការអភិវឌ្ឍន៍មានការរីកចម្រើចផងដែរ៕