ថ្លែក្នុងឱកាសអញ្ជើញជាអធិបតីភាពភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំងកងយោធពលខេមរភូមិន្ទ ចូលរួមបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ និងសម្ពោធសមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺន កងកម្លាំងរក្សាសន្តិភាព ស្ថិតនៅខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា រយៈពេល ២០ឆ្នាំមកនេះ កងកម្លាំងកម្ពុជាសម្រេចជោគជ័យជាច្រើនក្នុងបេសកកម្មរក្សាសុខសន្តិភាព និងមនុស្សធម៌ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ។
សម្ដេចធិបតី គូសបញ្ជាក់ថា ខួប២០ឆ្នាំ (២០០៦-២០២៦) នៃការបញ្ជូនកងកម្លាំង នៃកងយោធពលខេមរភូមិមិន្ទ ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នេះគឺជាខួប២០ឆ្នាំនៃជោគជ័យកម្ពុជា ដែលធ្លាប់តែហែកហួរដោយសង្គ្រាម និងធ្លាប់តែល្បីថាជាវាលពិឃាត ជាតំបន់អសន្តិសុខ និងចម្ការមីន ទៅជាកម្ពុជាថ្មី ដែលបាននិងកំពុងដើរតួនាទីសំខាន់ក្នុងការចូលរួមរក្សាសណ្ដាប់ធ្នាប់តំបន់ និងសកល។
ជាមួយគ្នានេះ សម្ដេចធិបតី បានកោតសរសើរវីរភាពរបស់កងទ័ពមួយខៀវកម្ពុជា ដែលតែងបង្ហាញសមត្ថភាព វិជ្ជាជីវៈ ការគោរពវិន័យយ៉ាងម៉ឺងម៉ាត់ ការរក្សាបាននូវមិត្តភាព សាមគ្គីភាព និងទំនាក់ទំនងល្អនៅគ្រប់កន្លែងប្រតិបត្តិការ ក្នុងពេលបំពេញបេសកកម្មសន្តិភាពអង្គការសហប្រជាជាតិ ជាពិសេស ការការពារកិត្តិយស និងសេចក្ដីថ្លៃថ្នូរបស់ប្រទេសជាតិ របស់កងយោធពលខេមរភូមិន្ទ របស់ពលរដ្ឋកម្ពុជា ។
លោកស្រី វ្ល៉ាដាន់កា អានទ្រេវ៉ា អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានមានប្រសាសន៍ថា ចាប់ពីឆ្នាំ២០០៦មក កងកម្លាំងរក្សាសន្តិភាពកម្ពុជា ប្រមាណ ១០៩០០នាក់ ក្នុងនោះមានស្ត្រីជាង១០០០នាក់ បានបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ ក្នុងប្រទេសចំនួន១០ក្នុងទ្វីបអាហ្វ្រិក មជ្ឈិមបូព៌ា និងតំបន់ផ្សេងៗទៀត។ កងកម្លាំងបោសម្អាតមីន វិស្វកកម្ម ពេទ្យ អាវុធហត្ថ នាយទាហានកម្ពុជា បានទទួលការគោរពយ៉ាងធំធេង ចំពោះវិជ្ជាជីវៈ វិន័យ និងភាពក្លាហានរបស់ពួកគេ។ ការឃ្លាតឆ្ងាយពីមាតុភូមិ ការប្រឈមហានិភ័យខ្ពស់ចំពោះអាយុជីវិតខ្លួន កងកម្លាំងកម្ពុជា បានការពារជនស៊ីវិល ជួយបន្ធូរភាពតានតឹង ជួយសម្រួលដល់ការផ្ដល់ជំនួយមនុស្សធម៌ និងបង្កើតនូវលក្ខខណ្ឌអំណោយផលសម្រាប់ការស្វែងរកដំនោះស្រាយនយោបាយ។ ក្នុងនាមUN លោកអគ្គលេខាធិការអង្គកាតសហប្រជាជាតិបានសម្ដែងនូវការដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះកងកម្លាំងរក្សាសន្តិភាពកម្ពុជាគ្រប់រូប។
អគ្គលេខាធិការអង្គការសហប្រជាជាតិបានផ្ញើនូវសារសាទរ និងកោតសរសើរចំពោះកងកម្លាំងកម្ពុជាទាំងបុរស និងស្ត្រី ដែលបានចូលរួមយ៉ាងសកម្មនៅក្នុងការចូល រួមរក្សាសន្តិភាពពិភពលោកក្រោមឆត្រអង្គការសហប្រជាជាតិ។ សូមបញ្ជាក់ថា ក្នុងរយៈពេល២០ឆ្នាំនេះ កម្ពុជាបានពង្រីកជំនាញរបស់ខ្លួនរហូតដល់០៩ ជំនាញ រួមមាន ជំនាញបោសសំអាតមីន អាវុធហត្ថ វិស្វកម្មសំណង់ផ្ដេក-បញ្ឈរ វិស្វកម្មព្រលានយន្តហោះ មន្ទីរពេទ្យកម្រិត២ កម្ទេចគ្រាប់មិនទាន់ផ្ទុះ នាយទាហានសេនាធិការ និងសង្កេតការណ៍យោធា ទៅកាន់បេសកកម្ម ចំនួន១២ ក្នុងប្រទេសចំនួន១០ សរុប៧៤កង មានចំនួន១០,៩១៤នាក់ ក្នុងនោះស្ត្រីចំនួន១,០៨៣នាក់។
ប្រទេសទាំង១០ រួមមាន ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ លីបង់ សាយប្រឹស ស៊ីរី ម៉ាលី អាហ្វ្រិកកណ្តាល យេមែន និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ បច្ចុប្បន្នកម្លាំងកម្ពុជាមានចំនួន៤៧៥នាក់ ក្នុងនោះស្ត្រី៩៥ នាក់ កំពុងបំពេញបេសកកម្មនៅប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល និងកុងហ្គោ លើជំនាញ កម្ទេចគ្រាប់មិនទាន់ផ្ទុះ អាវុធហត្ថ វិស្វកម្មពហុជំនាញ នាយទាហានសេនាធិការ និងសង្កេតការណ៍យោធា៕