ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
វិស័យឯកជនអាល្លឺម៉ង់ស្វែងរកឱកាសវិនិយោគក្នុងវិស័យសុខាភិបាលនៅកម្ពុជា
ថ្ងៃទី ៖ 24-10-2026, ដោយ​​ Dara007 , 38 Views
                     
ភ្នំពេញៈ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជាបង្ហាញចំណាប់អារម្មណ៍របស់វិស័យឯកជនអាល្លឺម៉ង់ក្នុងស្វែងរកឱកាសវិនិយោគក្នុងវិស័យសុខាភិបាលនៅកម្ពុជា ព្រមទាំងបង្ហាញបំណងពង្រឹងការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន និងវិស័យឯកជន (B2B) ដែលឆ្លុះបញ្ចាំងពីការរីកចម្រើននៃវិស័យធុរកិច្ចរវាងប្រទេសទាំងពីរ។

ក្នុងឱកាសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ នៅវិមានសន្តិភាព លោកស្រី Silke Röfer ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជាបានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកន្លងមក រវាងប្រទេសទាំងពីរ ដោយបានគូសបញ្ជាក់ថា ឆ្នាំ២០២៧ ខាងមុខ គឺជាខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-អាល្លឺម៉ង់ និងបានស្វាគមន៍ចំពោះសកម្មភាពនានាដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏សំខាន់នេះ។

ក្នុងនោះ លោកស្រីក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា ជាពិសេសលើសកម្មភាពបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ លោកស្រីក៏បានគូសបញ្ជាក់អំពីចំណាប់អារម្មណ៍របស់វិស័យឯកជនអាល្លឺម៉ង់ក្នុងស្វែងរកឱកាសវិនិយោគក្នុងវិស័យសុខាភិបាលនៅកម្ពុជា ព្រមទាំងបង្ហាញបំណងពង្រឹងការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន និងវិស័យឯកជន (B2B) ដែលឆ្លុះបញ្ចាំងពីការរីកចម្រើននៃវិស័យធុរកិច្ចរវាងប្រទេសទាំងពីរ។

ជាការឆ្លើយតប, សម្តេចធិបតី បានអបអរសាទរចំពោះលោកស្រី ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា។

សម្តេចធិបតីបានជម្រាបជូនលោកស្រីថា កម្ពុជាធ្លាប់ជាប្រទេសរងគ្រោះដោយសារសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ និងធ្លាប់ជាប្រទេសទទួលជំនួយពីកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ, ប៉ុន្តែបច្ចុប្បន្ន កម្ពុជាបានប្រែក្លាយខ្លួនជាប្រទេសដែលមានលទ្ធភាពបញ្ជូនកងកម្លាំងបោសសម្អាតមីន និងកងទ័ពមួកខៀវ ចូលរួមបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិនៅតាមបណ្តាប្រទេសនានា។

បន្ថែមលើនេះ, សម្តេចធិបតីបានគូសបញ្ជាក់ថា កម្ពុជា-អាល្លឺម៉ង់ មានកាលានុវត្តភាពនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។ ក្នុងនោះប្រទេសទាំងពីរអាចបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្ស, ពាណិជ្ជកម្ម, ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។

ក្នុងវិស័យវិនិយោគ, សម្តេចធិបតីបានគូសជម្រាបជូនលោកជំទាវថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយលើកទឹកចិត្ត ដើម្បីទាក់ទាញការវិនិយោគពីបរទេស។ កម្ពុជាបានត្រៀមខ្លួនជាស្រេច និងស្វាគមន៍វិស័យឯកជនអាល្លឺម៉ង់ ខណៈដែលកម្ពុជាកំពុងផ្លាស់ប្តូរពីសេដ្ឋកិច្ចពឹងផ្អែកលើការផលិតកម្មកម្រិតមូលដ្ឋាន ទៅកាន់វិស័យជឿនលឿន ដូចជាឧស្សាហកម្មយានយន្ត និងបច្ចេកវិទ្យាទំនើបកម្រិតខ្ពស់។

មុននឹងបញ្ចប់, សម្តេចធិបតី និងលោកស្រីឯកអគ្គរដ្ឋទូតបានពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ ការពារជាតិ និងការចែករំលែកព័ត៌មានដើម្បីប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងតាមប្រព័ន្ធបច្ចេកវិទ្យា ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសបច្ចេកវិទ្យា។ សម្តេចធិបតីបានលើកទឹកចិត្តឱ្យលោកស្រីបន្តកិច្ចសហការជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីពិនិត្យលទ្ធភាពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសក្តានុពលផ្សេងៗទៀត៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជាបង្ហាញចំណាប់អារម្មណ៍របស់វិស័យឯកជនអាល្លឺម៉ង់ក្នុងស្វែងរកឱកាសវិនិយោគក្នុងវិស័យសុខាភិបាលនៅកម្ពុជា ព្រមទាំងបង្ហាញបំណងពង្រឹងការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន និងវ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com