ក្រសួងរ៉ែនិងថាមពល បានបន្តចាត់វិធានការបង្ក្រាបសកម្មភាពធ្វើអាជីវកម្មរ៉ែមាសអនាធិបតេយ្យស្ថិតនៅក្នុងភូមិសាស្ត្រ តំបន់មេសំ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ការបើកប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំចុងក្រោយ បានចាប់ផ្តើមអនុវត្តកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានមន្ទីររ៉ែនិងថាមពលខេត្តមណ្ឌលគិរី ជាសេនាធិការ ដោយមានកិច្ចសហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី ក្រោមកិច្ចសម្របសម្រួលរបស់ ស្ថាប័នអយ្យការខេត្តមណ្ឌលគិរី ដែលករណីនេះ តុលាការបាននិងកំពុងបន្តនីតិវីធីច្បាប់ចំពោះជនល្មើស ដែលមិនរាងចាល និងមេខ្លោងមួយចំនួន។
បច្ចុប្បន្ន ក្រសួងរ៉ែនិងថាមពលបានសហការជាមួយក្រុមហ៊ុនដែលបានទទួលអាជ្ញាបណ្ណអាជីវកម្ម រ៉ែមាសស្របច្បាប់ក្នុងការជួយប្រមូលកាកសំណល់រ៉ែ ដែលមានសារធាតុគីមីបន្សល់ទុកពីការធ្វើអាជីវកម្ម រ៉ែមាសអនាធិបតេយ្យយកទៅទុកដាក់នៅទីតាំងមានសុវត្ថិភាពតាមលក្ខណៈបច្ចេកទេស ដើម្បីធ្វើការបន្សាប សារធាតុគីមីទាំងនោះ ការពារការជ្រាបចូលប្រភពទឹកលើដីនិងក្រោមដីដែលអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ បរិស្ថាននិងសង្គម។
ជាមួយគ្នានេះ ក្នុងជំហានដំបូងក្រុមហ៊ុនបានផ្តល់ការងារជូនប្រជាពលរដ្ឋក្នុងតំបន់នោះ ប្រមាណ ១០០ នាក់ ដើម្បីបំពេញការងារនៅក្នុងការដ្ឋានរ៉ែស្របច្បាប់រួចមកហើយ។ ប៉ុន្តែក្នុងពេលថ្មីៗនេះ មានក្រុមអ្នកធ្វើសកម្មភាពជីករ៉ែអនាធិបតេយ្យមួយចំនួនបានធ្វើការតវ៉ា និងផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម ដោយលើកឡើងថា ការមិនអនុញ្ញាតឱ្យបន្តសកម្មភាពជីករ៉ែអនាធិប-តេយ្យ និងការអនុវត្តវិធានការសម្អាតកាកសំណល់រ៉ែរបស់ក្រសួង បានជះឥទ្ធិពលដល់ជីវភាពរស់នៅរបស់ ពួកគាត់។
ទោះបីជាយ៉ាងណា ការលើកឡើងនេះមិនបានឆ្លុះបញ្ចាំងឱ្យបានពេញលេញអំពីស្ថានភាពជាក់ស្តែង នោះទេ ដោយក្រសួងរ៉ែនិងថាមពលកំពុងបន្តខិតខំប្រឹងប្រែងក្នុងការស្តារ និងសម្អាតបរិស្ថាន ព្រមទាំងស្តារ ស្ថានភាពសង្គមនៅតំបន់នោះ ដើម្បីការពារសុខភាពសាធារណៈ និងលើកកម្ពស់សុខុមាលភាពរបស់ ប្រជាពលរដ្ឋក្នុងតំបន់។
សូមរំលឹកផងដែរថា ក្នុងតំបន់មេសំ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរីនេះ គឺជាតំបន់ អាជីវកម្មរ៉ែមាសបែបលក្ខណៈគ្រួសារតាំងពីអំឡុងឆ្នាំ១៩៨៧ ដែលមានប្រជាពលរដ្ឋប្រកបរបរជើកយករ៉ែមាសដោយដៃតាមលក្ខណៈគ្រួសារ។ ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ មានការប្រែប្រួលពីលក្ខណៈគ្រួសារ ដែលធ្វើដោយដៃ និងឧបករណ៍សាមញ្ញ ទៅជាប្រើគ្រឿងចក្រ រំសេវជាតិផ្ទុះ និងសារធាតុគីមី ដោយមានការជីករូង ជាអណ្តូងរ៉ែក្រោមដី។
សកម្មភាពអនាធិបតេយ្យដែលមានជាយូរមកហើយនេះ ក្រសួងរ៉ែនិងថាមពលធ្លាប់ បានចុះបង្ក្រាបកាលពីឆ្នាំ២០១៧ និងមានការផ្សព្វផ្សាយជាបន្តបន្ទាប់រួចមកហើយ ប៉ុន្តែសកម្មភាពទាំងអស់ នេះនៅតែកើតមាន ទោះបីជាមន្ទីររ៉ែនិងថាមពលខេត្តមណ្ឌលគិរីបានសហការជាមួយអាជ្ញាធរដែនដីចុះអប់រំ ទប់ស្កាត់ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពរ៉ែអនាធិបតេយ្យក៏ដោយ។
ប៉ុន្តែ ជាក់ស្តែងសកម្មភាពជីកែរ៉ែ អនាធិបតេយ្យនៅក្នុងតំបន់នេះ នៅតែបន្តមាននិងកាន់តែធ្ងន់ធ្ងរជាមួយនឹងការប្រើប្រាស់សារធាតុគីមី រំសេវ ជាតិផ្ទុះ និងជីករូងអណ្តូងរ៉ែក្រោមដី ដែលបង្កគ្រោះថ្នាក់ជាទីបំផុត។
ឆ្លៀតឱកាសនេះ ក្រសួងរ៉ែនិងថាមពលសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមសហការទប់ ស្កាត់ដោយធ្វើការជូនដំណឹងអំពីសកម្មភាពរ៉ែអនាធិបតេយ្យនានា មកក្រសួងរ៉ែនិងថាមពលតាមរយៈប្រព័ន្ធ ទូរសព្ទលេខ ០៩៥ ៧២៧ ៧២៧៕