លោក លី ធុជ បានបញ្ជាក់ថា ក្រោមម្លប់សន្តិភាពដែលសម្រេចបានដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលកម្ពុជាបានបន្តជំរុញការនាំយកសេវាសាធារណៈទៅដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ដោយធានាថា ប្រជាពលរដ្ឋគ្រប់រូបទទួលបានឱកាសស្មើភាពក្នុងការទទួលសេវាសុខាភិបាល និងការថែទាំសុខភាពប្រកបដោយគុណភាព។
លោកបានបន្តថា សកម្មភាពមនុស្សធម៌របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មិនត្រឹមតែរួមចំណែកលើកកម្ពស់សុខភាពប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការចូលរួមគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកសាងមូលធនមនុស្ស និងពង្រឹងសុខុមាលភាពសហគមន៍ ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រកបដោយចីរភាព។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តថែរក្សាសុខភាព អនុវត្តការរស់នៅប្រកបដោយអនាម័យ និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាងសហគមន៍ប្រកបដោយសុខភាពល្អ។
បន្ទាប់ពីការពិនិត្យ និងព្យាបាល ប្រជាពលរដ្ឋទាំងអស់ក៏ទទួលបានការប្រឹក្សាផ្នែកសុខភាព និងថ្នាំពេទ្យដោយឥតគិតថ្លៃផងដែរ។
លោកបានថ្លែងអំណរគុណចំពោះ លោកស្រី ឡោ វីឡា សហប្រធានសមាគម SOS Cambodian Kids-Vernon ព្រមទាំងសហការី ដែលបានលះបង់ពេលវេលា ជំនាញ និងធនធានផ្ទាល់ខ្លួន ដើម្បីផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព និងដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋកម្ពុជា៕