|
ស្ត្រីរងគ្រោះថ្នាក់ដោយសារមីននៅស្រុកអន្លង់វែង ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា
ថ្ងៃទី ៖ 08-08-2026, ដោយ Dara007 , 7 Views
ភ្នំពេញៈ កាលពីព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់តាំងលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ព្រមទាំងថវិកា ជូនលោកស្រី អ៊ាន បៀត ដែលបានរងរបួសធ្ងន់ធ្ងរបាត់បង់ជើងម្ខាង ដោយសារជាន់គ្រាប់មីន ខណៈចូលព្រៃរកផ្សិត ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ (មន្ទីរពេទ្យព្រះសង្ឃ) រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោកស្រី ពុំ ចន្ទីនី បានពាំនាំនូវការសួរសុខទុក្ខ ក្តីអាណិតអាសូរ និងការយកចិត្តទុកដាក់ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះឧបទ្ទវហេតុដែលបានកើតឡើង ព្រមទាំងជូនពរឱ្យលោកស្រី អ៊ាន បៀត ឆាប់បានជាសះស្បើយ និងវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារវិញ។ អំណោយដែលបានផ្តល់ជូនរួមមាន គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់មួយចំនួន និងថវិកាចំនួន ៥លានរៀល៕
|