លោក ណុប សម្បត្ដិ មេឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ បានចាត់វិធានការក្តៅដោយរៀបចំ ដាក់ស្លាកសញ្ញាព្រមាន និងកំណត់ការពិន័យជាប្រាក់ លើបុគ្គលទាំងឡាយណាដែលបោះចោលសំរាម ឬសំណល់ផ្សេងៗមិនរៀបរយនៅតាមបណ្តោយ ផ្លូវជាតិលេខ៣ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
លោកបាបបញ្ជាក់ថា វិធានការនេះត្រូវបានធ្វើឡើងដើម្បីលើកកម្ពស់អនាម័យ និងបរិស្ថាន កាត់បន្ថយការចោលសំរាមពាសវាពាសកាលដែលបង្កឱ្យមានក្លិនស្អុយ និងបាត់បង់សោភ័ណភាពសាធារណៈ។ជាពិសេស ដោយសារផ្លូវជាតិលេខ៣ ជាខ្សែផ្លូវសេដ្ឋកិច្ច និងធ្វើដំណើរដ៏សំខាន់ ដូច្នេះការរក្សាភាពស្អាតបាតជាកត្តាចាំបាច់។
ទន្ទឹមនឹងនេះ លោកបានគូសបញ្ជាក់ថា អាជ្ញាធរនឹង ពង្រឹងការអនុវត្តច្បាប់ តាមរយៈការរៀបចំការពិនិត្យ ឃ្លាំមើល និងពិន័យជាប្រាក់ចំពោះអ្នកល្មើស ដើម្បីឱ្យប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរផ្លាស់ប្តូរទម្លាប់មកទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។
ជាមួយគ្នានេះ លោកមេឃុំក៏បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅសងខាងផ្លូវ និងអ្នកធ្វើដំណើរទាំងអស់ ចូលរួមសហការដោយបោះចោលសំរាមក្នុងធុង ឬកន្លែងដែលបានកំណត់ ដើម្បីរួមគ្នារក្សាបរិស្ថានស្អាត និងជៀសវាងការប្រឈមមុខនឹងការពិន័យតាមផ្លូវច្បាប់ផងដែរ។
ក្នុងឱកាសនេះ លោក សាយ វណ្ណៈ អភិបាលស្រុកបាទីខេត្ដតាកែវ បានចុះពិនិត្យ និងជំរុញឱ្យភូមិឃុំបន្ដចុះផ្សព្វផ្សាយ និងដាក់ស្លាកនៅតាមបណ្ដោយផ្លូវជាតិលេខ៣បន្ថែមទៀត ដើម្បីបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជៀសវៀងការបោះគ្មានរបៀបរៀបរយ ដែលធ្វើបាត់បង់សោភ័ណ្ឌភាព ប៉ះពាល់សុខភាព និងបរិស្ថាន។
លោក សាយ វណ្ណៈ ក៏បានណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវចាត់វិធានផ្លូវច្បាប់ចំពោះពលរដ្ឋណានូវតែបន្ដបោះចោលសំរាមនៅលើផ្លូវជាតិនេះបន្ដទៀត ក្រោយអាជ្ញាធរបានផ្សព្វផ្សាយ និងដាក់ស្លាកនេះរួចហើយ ដើម្បីធ្វើយ៉ាងណាធ្វើឱ្យផ្លូវជាតិនេះគ្មានគំនរសំរាមកាន់តែមានប្រសិទ្ធភាពខ្ពស់។
កាលពីថ្មីៗនេះ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បាន សុទិដ្ឋិនិយមថា ផ្លូវជាតិទាំងអស់នៅកម្ពុជាស្អាត មិនមានសំរាម និងសំណល់ប្លាស្ទិកទៀតហើយ បានថ្លែងអំណរគុណ ថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន ជាពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ យុវជន សមាគម អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមយ៉ាងផុសផុល រួមចំណែកលើកកម្ពស់សោភ័ណភាពទីក្រុង ទីប្រជុំជននៅតាមបណ្តាផ្លូវជាតិទូទាំងប្រទេស កាន់តែស្រស់ស្អាត មានអនាម័យ មានខ្យល់អាកាសល្អ និងសណ្តាប់ធ្នាប់ល្អ ការស់នៅប្រកបដោយផាសុខភាព ការទាក់ទាញអ្នកវិនិយោគ និងអ្នកទេសចរណ៍ មកប្រទេសកម្ពុជាកាន់តែច្រើនឡើងថែមទៀត៕